មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តកំពត


ល្ងាចថ្ងៃព្រហស្បតិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយឯកឧត្តម ស៊ិន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាល បានបន្តដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តកំពត ។

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទឹកជំនន់ នៅតាមគោលដៅសំខាន់ក្នុងខេត្តរួចមក ក្រុមការងារសង្កេតឃើញថា ៖
១- ប្រព័ន្ធធារាសាស្ត្រស្ទឹងភេ ៖ ទឹកបានស្រកចុះផុតសំណង់បង្ហៀរហើយ ។
២- ប្រព័ន្ធធារាសាស្ត្រស្ទឹងកែវ ៖ តាមរយៈការបើកទ្វារទឹក ដើម្បីទម្លាក់ធារទឹកមួយចំនួនទៅផ្នែកខាងក្រោម ទឹកក៏បានស្រកចុះមួយកម្រិតដែរ ។
៣- ក្រុងកំពត ៖ គិតត្រឹមម៉ោង ៤ រសៀល ទឹកបានបន្តលិចចូលតំបន់មួយចំនួនទៀតដែលនៅជាយក្រុង ។ មកដល់ម៉ោង ៦ ល្ងាចនេះ ទឹកនៅនឹងថ្កល់ មិនទាន់មានការកើនឡើងបន្ថែមទៀតទេ ។
៤- ស្រុកឈូក ៖ គិតត្រឹមម៉ោង ៦ ល្ងាច ទឹកបានចាប់ផ្តើមស្រកចុះវិញជាបណ្តើរៗ ។
៥- ស្រុកទឹកឈូ ៖ គិតត្រឹមម៉ោង ៦ ល្ងាច ទឹកនៅនឹងថ្កល់ បើធៀបនឹងកម្ពស់ទឹកនៅម៉ោង ៤ រសៀល ។

នៅក្នុងឱកាសចុះពិនិត្យនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានណែនាំដល់មន្ទីរឲ្យធ្វើការជួសជុលឡើងវិញជាបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលត្រូវបានទឹកហូរច្រោះ ជៀសវាងការខូចខាតរីករាលដាលកាន់តែធំឡើងៗ ។