តេជោសែន៖ បុគ្គលដែលធ្វើខុស កុំយកប្រទេសជាតិ ធ្វើជាចំណាប់ខ្មាំង


ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាយប់ថ្ងៃទី១២ ខែកញ្ញានេះ បានព្រមានទៅមេដឹកនាំ បក្សប្រឆាំង ដែលគ្រោងធ្វើបាតុកម្ម ដោយបានបញ្ជាក់ថា បុគ្គលដែលធ្វើខុស កុំយកប្រទេសជាតិ ធ្វើជាចំណាប់ខ្មាំង កុំយកបក្សនយោបាយ ធ្វើជាជម្រកបិទបាំង នូវកំហុសរបស់ខ្លួន។
ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក សម្តេច នៅយប់ថ្ងៃទី១២ កញ្ញានេះ បានបញ្ជាក់ថា “ពីរថ្ងៃជាប់គ្នារួចមកហើយ ដែលមេដឹកនាំបក្សប្រឆាំង បានគំរាមដល់ស្ថេរភាពជាតិ តាមរយៈការរៀបចំ ធ្វើមហាបាតុកម្ម ដើម្បីទាមទាររបស់ដែលហៅថា ដំណោះស្រាយនយោបាយ។ ខ្ញុំសុំប្រាប់ទៅវិញថាទេ! មិនមានដំណោះស្រាយ នយោបាយណា ដែលអាចរកឃើញតាមរយៈ បក្សនយោបាយនោះឡើយ ព្រោះវាជាសមត្ថកិច្ច របស់តុលាការ។ បុគ្គលដែលធ្វើខុស កុំយកប្រទេសជាតិ ធ្វើជាចំណាប់ខ្មាំង កុំយកបក្សនយោបាយ ធ្វើជាជម្រកបិទបាំង នូវកំហុសរបស់ខ្លួន”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា “ខ្ញុំបញ្ជារដល់គ្រប់កម្លាំងមានសមត្ថកិច្ច ត្រៀមខ្លួនកំចាត់ចោល នូវរាល់សកម្មភាពខុសច្បាប់ ទាំងអស់ ដើម្បីការពារនូវភាពសុខសាន្ត របស់ប្រជាជន។ ដោយតម្លៃណាក៏ដោយ គឺត្រូវការពារស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ឱ្យខាងតែបាន ព្រោះវាជាតម្រូវការ របស់ជាតិនិងប្រជាជន។ មេដឹកនាំបាតុកម្ម កុំអាងលើសិទ្ធិបញ្ចេញមតិ ហើយភ្លេចគិតដល់សិទ្ធិ របស់អ្នកដទៃ រាប់ទាំងសិទ្ធិរបស់រាជរដ្ឋាភិបាល ផងដែរ។ ឧទ្ទាមកម្មក្នុងទីក្រុង ដើម្បីបិទបាំងជនដែលតុលាការ កាត់ទោស មិនត្រូវបានអនុញ្ញាត្តិទេ។ សុំអស់លោកលោកស្រីកុំញ៉ាម និងកុំអាងលើបាតុកម្ម។ វាយពស់ត្រូវវាយក្បាលមុន បើមិនជឿសុំសាកមើល”។
ប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា នេះមិនមែនជាគំរាមទេ តែវាធ្ងន់ជាងគំរាមទៅទៀត ព្រោះជាប្រភេទនៃបទបញ្ជារ ដល់កម្លាំងរបស់រាជរដ្ឋាភិបាល ទាំងអស់ ត្រៀមខ្លួនកំចាត់ចោល រាល់កម្លាំងដែលធ្វើសកម្មភាព បំផ្លាញសន្តិសុខជាតិ ហើយខ្ញុំមានសិទ្ឋិ និងនិយាយរបៀបនេះ ព្រោះវាជាសិទ្ធិអំណាច នាយករដ្ឋមន្ត្រី។