កិច្ចអន្តរាគមន៍នេះ កំពុងធ្វើឡើងទាំងយប់ ទាំងថ្ងៃ ពីសំណាក់ក្រុមការងារគ្រប់មុខព្រួញទាំងអស់របស់ក្រសួង ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ ក៏ដូចជាធានានូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើង


បន្ទាប់ពីទទួលបានបទបញ្ជារបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម គ្រឿងចក្រ ឧបករណ៍ និងសម្ភារៈគ្រប់ប្រភេទ ត្រូវបានបញ្ជូនទៅកាន់គ្រប់គោលដៅសំខាន់ៗ ដើម្បីអន្តរាគមន៍ទប់ទល់នឹងគ្រោះទឹកជំនន់ដែលកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ។ កិច្ចអន្តរាគមន៍នេះ កំពុងធ្វើឡើងទាំងយប់ ទាំងថ្ងៃ ពីសំណាក់ក្រុមការងារគ្រប់មុខព្រួញទាំងអស់របស់ក្រសួង ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ ក៏ដូចជាធានានូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើង ។

គួររំលឹកផងដែរថា បន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់លើស្ថាភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺរួចមក ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ បានធ្វើការណែនាំដល់ក្រុមមន្ត្រីបច្ចេកទេស ដូចខាងក្រោម ៖
១- ក្រុមទី ១ ត្រូវប្រចាំការតាមដានលើស្ថានភាពទឹកជំនន់ និងរបាយទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ។
២- ក្រុមទី ២ ត្រូវប្រចាំការនៅទ្វារទឹករលាំងជ្រៃ ហើយត្រូវបន្តបើកទ្វារទាំងអស់ ទម្លាក់កំពស់ទឹកក្នុងស្ទឹងព្រែកត្នោតឲ្យទាប ដើម្បីស្រូបយកទឹកជំនន់ពីស្ទឹងស្រែខ្លុងបានលឿន ។
៣- ក្រុមទី ៣ ដែលកំពុងប្រចាំការនៅទំនប់ ៧ មករា ( កំពង់ទួល ) ត្រូវបន្តរំដោះទឹកចេញបន្ថែម ដើម្បីកុំឲ្យចាល់នឹងទឹកដែលទម្លាក់ពីកំពង់ស្ពឺទៅ ហើយពេលទឹកពីកំពង់ស្ពឺទៅដល់កំពង់ទួល ក្រុមការងារត្រូវចាត់ចែងបែងចែកទឹកនេះជា ០២ ផ្នែក គឺមួយផ្នែកត្រូវបង្វែរចូលទៅទន្លេបាទី តាមរយៈប្រឡាយលេខ ៧៨ និងតាមរយៈស្ទឹងតូច ឯមួយផ្នែកទៀត ត្រូវទម្លាក់តាមព្រែកហូរ ចូលទៅទន្លេបាសាក់ ។
៤- ក្រុមទី ៤ និងក្រុមទី ៥ ត្រូវប្រចាំការ តាមដានស្ថានភាពទឹក និងរបាយទឹកភ្លៀង នៅស្ទឹងតាសាល ស្ទឹងឃ្លៀច និងស្ទឹង អូរតូចៗមួយចំនួនទៀតដែលហូរចូលស្ទឹងព្រែកត្នោត ។
៥- ក្រុមទី ៦ (ក្រុមគ្រឿងចក្រធុនធ្ងន់) ត្រូវត្រៀមលក្ខណៈ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីអន្តរាគមន៍ក្នុងករណីចាំបាច់ ក៏ដូចជាត្រៀមជួសជុលឡើងវិញជាបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលអាចរងការខូចខាតដោយទឹកជំនន់ ។