សិក្ខាសាលាចាប់ផ្តើមការងារដំបូងនៃអ្នកនិពន្ធទស្សនាវដ្តីចីរភាពបរិស្ថាន នៅអាស៊ី ច្បាប់បោះពុម្ពផ្សាយសម្រាប់កម្ពុជា


នៅព្រឹកថ្ងៃ៨កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរិទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ កក្កដា ឆ្នាំ ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាអធិបតីក្នុង «សិក្ខាសាលាចាប់ផ្តើមការងារដំបូងនៃអ្នកនិពន្ធទស្សនាវដ្តីចីរភាពបរិស្ថាននៅអាស៊ី ច្បាប់បោះពុម្ពផ្សាយសម្រាប់កម្ពុជា» ដែលសិក្ខាសាលានោះប្រារព្វធ្វើឡើងនៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា។

វិទ្យាស្ថានបរិស្ថានកូរ៉េបានផ្តល់មូលនិធិដល់រាជបណ្ឌិត្យសភាកម្ពុជាក្នុងការរៀបចំសិក្ខាសាលាកសាងសមត្ថភាពប្រចាំឆ្នាំ គម្រោង E-Learning ស្តីពី បរិស្ថាន ហើយថ្មីៗនេះ វិទ្យាស្ថានបរិស្ថានកូរ៉េ កំពុងសិក្សាកសាងផែនការមេសម្រាប់ឧទ្យានតេជោ សែន រាជបណ្ឌិត្យសភាកម្ពុជា ឫស្សីត្រឹប។ ដោយឡែក ទស្សនាវដ្តីចីរភាពបរិស្ថាននៅអាស៊ី ច្បាប់បោះពុម្ពផ្សាយសម្រាប់កម្ពុជា ជាសកម្មភាពសហប្រតិបត្តិការថ្មីមួយទៀត ដែលវិទ្យាស្ថានបរិស្ថានកូរ៉េ និងរាជបណ្ឌិត្យសភាកម្ពុជាកំពុងអនុវត្ត ក្រោមការសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។