ថ្នាក់ដឹកនាំខេត្តប៉ៃលិន ប្រគេនទៀនវស្សា ដល់ព្រះសង្ឃគ្រប់វត្តអារ៉ាម ទូទាំងខេត្តប៉ៃលិន


នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ បាននាំយកទៀនព្រះវស្សា បច្ច័យ និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃគ្រប់វត្តអារ៉ាមទូទាំងខេត្តប៉ៃលិន ដែលពិធីប្រគេនទៀនព្រះវស្សានេះបានធ្វើឡើងនៅវត្តរតនសោភ័ណ (ហៅវត្តកោងកាង) ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ព្រះអត្ថទាយកោ ក្តៀង សារ៉ាត់ ព្រះបាទ្បាត់គណក្រុងប៉ៃលិន និងជាព្រះចៅអធិការវត្តរតនសោភ័ណ ហៅវត្តកោងកាង បានមានសង្ឃដីការថា៖ បុណ្យកាន់ព្រះវស្សាឆ្នាំនេះ នឹងប្រព្រឹទ្ធទៅ ចាប់ពីថ្ងៃ ១រោច ខែអាសាឍ ឆ្នាំច សំរឹទ្ធស័ក ព ស ២៥៦២ ត្រូវនឹង ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៨ រហូតដល់ថ្ងៃ១៥កើតខែអស្សុជ សំរឹទ្ធស័ក ព ស ២៥៦២ ត្រូវថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៨។ ព្រះអង្គបានបន្តថា ជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរដែលប្រកាន់ខ្ជាប់នូវប្រពៃណីព្រះពុទ្ធសាសនា តែងតែនាំយកនូវទៀនព្រះវស្សា ចង្ហាន់ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីយកមកវេរប្រគេនព្រះសង្ឃនៅតាមវត្តអារាមនីមួយៗ សម្រាប់ព្រះសង្ឃប្រើប្រាស់ក្នុងរយៈពេល ៣ខែ ព្រោះនៅក្នុងពេលនេះព្រះសង្ឃមិនអាចចេញក្រៅ បិណ្ឌបាតបានទេ គឺនៅវត្តដើម្បីសិក្សារៀនសូត្រ ទៅតាមពុទ្ធានុញ្ញាត។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តបានមានប្រសាសន៍ថា៖ វិស័យព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំប្រៀនប្រដៅមនុស្សឲ្យប្រព្រឹត្តអំពើល្អ ស្គាល់បុណ្យស្គាល់បាប និងជួយអភិវឌ្ឍន៍សង្គមជាតិឲ្យរីកចំរើនផងដែរ។ ឯកឧត្តមបានបន្តថា បើទោះបីកន្លងមក មានបុគ្គលសង្ឃខ្លះ បានប្រព្រឹត្តអំពើមិនគប្បី ប្រាសចាកទៅធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ ប៉ុន្តែព្រះពុទ្ធសាសនានៅតែម្លប់សំរាប់ជាទីគោរពរបស់ពុទ្ធសាសនិកជន និងជាប្រទីបបំភ្លឺពុទ្ធសាសនិកជន ឲ្យប្រព្រឹត្តតែអំពើល្អ នៅក្នុងបរិយាកាសសុខសន្តិភាព និងការអភិវឌ្ឍ។ ឯកឧត្តម ផាន់ ចាន់ធុល បានអំពាវនាវឱ្យមហាជននៅទូទាំងខេត្តប៉ៃលិន ត្រូវចូលរួមថែរក្សាសុខ សន្តិភាព ដែលមានតម្លៃ និងផ្តល់ឱកាសឱ្យយើងគ្រប់គ្នា បានធ្វើបុណ្យទាន និងសិទ្ធសេរីភាពគ្រប់បែបយ៉ាង និង សូមអោយព្រះសង្ឃគ្រប់អង្គ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ នៅថ្ងៃទី២៩ កក្កដា ខាងមុខឱ្យបានគ្រប់ៗអង្គ។
សូមបញ្ជាក់ថា៖ នៅខេត្តប៉ៃលិន មានវត្តអារាម និងអាស្រមសរុបចំនួន៣២ វត្ត/អាស្រម ដោយក្នុងមួយវត្តៗ គណអភិបាលខេត្តបានវេរប្រគេននូវ៖ ទៀនព្រះវស្សា ១គូ ,ស្លាដក់១, ទឹកសុទ្ធ ២កេស, ទឹកក្រូច ១កេស, ស្ករស ១គីឡូក្រាម, ទឹកដោះគោ ១០កំប៉ុង, ត្រីខ ២០កំប៉ុង, អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,និងបច្ច័យពី២០ម៉ឺន រហូតដល់ ១លានរៀល ទៅតាមវត្តធំ និងតូច។ តាជីយាយជី ចំនួន ៥០នាក់ ក្នុង ម្នាក់ៗ ថវិកា ១ម៉ឺនរៀល ព្រមទាំងប្រកេនប្រេងម៉ាស៊ូត ដល់វត្តដែលគ្មានភ្លើងអគ្គីសនី ចំនួន ៤វត្ត ក្នុង១វត្តៗ ៣០លីត្រផងដែរ៕ វួច ពឿន