ឯកឧត្តម វេង សាខុន អញ្ជើញចុះពិនិត្យស្ថានភាពដោយផ្ទាល់នៃផលប៉ះពាល់ក្នុងគោលបំណងស្វែងរកវិធានការអន្តរាគមន៍ដើម្បីជួយសង្គ្រោះ និងស្តារស្ថានភាពឲ្យល្អប្រសើរឡើងវិញជូនប្រជាកសិករក្នុងរដូវវស្សាឆ្នាំនេះ


នៅរសៀលថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ ដោយ
មានក្តីបារម្មណ៍អំពីសុខទុក្ខ ស្ថានភាពបង្កបង្កើនផល និងជីវិតសត្វពាហនៈរបស់ប្រជាកសិករនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺដែលត្រូវបានប៉ះទង្គិចដោយសារទទួលរងនូវបាតុភាពគ្រោះធម្មជាតិបង្កឡើងដោយទឹកជំនន់ទឹកភ្លៀង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយលោកជំទាវរដ្ធលេខាធិការ និងមន្ត្រីជំនាញបានចុះពិនិត្យស្ថានភាពដោយផ្ទាល់នៃផលប៉ះពាល់ក្នុងគោលបំណងស្វែងរកវិធានការអន្តរាគមន៍ដើម្បីជួយសង្គ្រោះ និងស្តារស្ថានភាពឲ្យល្អប្រសើរឡើងវិញជូនប្រជាកសិករក្នុងរដូវវស្សាឆ្នាំនេះ។

សូមបញ្ជាក់ផងដែរថា បាតុភាពគ្រោះធម្មជាតិដែលបង្កឡើងដោយទឹកជំនន់ទឹកភ្លៀងនាប៉ុន្នានថ្ងៃនេះ បានបង្កឲ្យមានជំនន់ទឹកភ្លៀងហូរកាត់ដីស្រែរបស់ប្រជាកសិករជាង ១ ពាន់ហិកតា ប៉ុន្តែមកទល់ពេលស្ថានភាពនៃទឹកជំនន់គឺមិនបានបង្កឲ្យខូចខាតធ្ងន់ធ្ងូរនោះទេ ទាំងដំណាំស្រូវ និងសត្វហណៈ ។ មកទល់ពេលនេះ ទឹកបានស្រកចុះជាបណ្តើរ ហើយការលិចលង់ នៅសេសសល់តិចទួចណាស់ គឺនៅសេសសល់តែតំបន់ទំនាបមាត់អូរតែប៉ណ្ណោះ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តឲ្យបង្កើនការយកចិត្តទុកដាក់ចុះពិនិត្យស្ថានភាពប្រជាកសិករប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពតាមសារាចរណែនាំរបស់ក្រសួងស្តីពី វិធានការជួយដោះស្រាយរាល់បញ្ហាប្រឈមរបស់កសិករក្នុងការស្តារការដាំដុះឡើងវិញ និងការចាក់វ៉ាក់សាំងការពារជម្ងឺឆ្លងសត្វ ដែលបានជួបគ្រោះទឹកជំនន់ទឹកភ្លៀងរដូវវស្សា ឆ្នាំ២០១៨។