ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ជនបរទេសគ្មានសិទ្ធិមករំលោភឯករាជ្យ និងអធិបតេយ្យភាពកម្ពុជាដាច់ខាត


(ភ្នំពេញ)៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកឡើងថា ជនបរទេសគ្មានសិទ្ធិមករំលោភឯករាជ្យ និងអធិបតេយ្យភាពកម្ពុជាដាច់ខាត ហើយការិះគន់ទាំងឡាយមកលើកម្ពុជាគ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះ។

ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពីមានការប្រឌិតវាយប្រហារដោយជនបរទេសមួយចំនួនមកលើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់ គ្រាដែលកម្ពុជា កំពុងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦ ដើម្បីជ្រើសរើសមេដឹកនាំ។

ឯកឧត្តម សុខ ឥសាន បានលើកឡើងយ៉ាងដូច្នេះថា «បណ្តាជនបរទេសគ្មានសិទ្ធិអ្វីមករំលោភឯករាជ្យ និងអធិបតេយ្យភាពកម្ពុជាជាដាច់ខាត។ ការនិយាយទាំងឡាយ គ្រាន់តែអាចចាត់ទុកជាការបញ្ចេញមតិ និងទស្សនៈឯកជនឬក្រុមតែប៉ុណ្ណោះ មិនមានប្រសិទ្ធភាពមកគ្របដណ្តប់លើឯករាជ្យនិអធិបតេយ្យភាពកម្ពុជាបានឡើយ»

ឯកឧត្តម សុខ ឥសាន បានលើកឡើថា នៅពេលការបោះឆ្នោតរំកិលកាន់តែជិតមកដល់ ពួកជនបរទេសមួយចំនួន រួមទាំងអង្គការអនាធិបតេយ្យនៅបរទេសបានខិតខំបង្កើតបញ្ហាមួយហើយមួយទៀត មិនចេះចប់ ដើម្បីបន្ទាបបន្ថោកឥទ្ធិពលដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ដោយចោទប្រកាន់ទាំងភ្លីភ្លើមកលើឥស្សរជនកម្ពុជា មួយចំនួនថា ប្រព្រឹត្តអំពើពុករលួយ ឬល្មើសច្បាប់ផ្សេងៗតាមដែលពួកគេនឹកឃើញ។
ឯកឧត្តម សុខ ឥសាន បានចោទសួរថា បើមានករណីនេះកើតឡើងមូលហេតុអ្វីបានទើបតែមកដល់ជិតថ្ងៃបោះឆ្នោត ទើបលើកយកមកនិយាយ មិនមែនជាចេតនាទុច្ចរិតទេឬ ដោយសារតែកាន់ជើងពួកឧទ្ទាមក្រៅច្បាប់ជាអាយ៉ងនោះ ?

ឯកឧត្តមបានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ជារាជរដ្ឋាភិបាលស្របច្បាប់។ ការដឹកនាំប្រទេសមានកម្មវិធីនយោបាយ គោលការណ៍ច្បាស់លាស់ និងមានច្បាប់ មិនមែនចេះតែបណ្តែតបណ្តោយឲ្យជនណាធ្វើអ្វីស្រេចនឹងចិត្តបានទេ រួមទាំងអ្នកនយោបាយ និងអ្នកជំនួញ ព្រមទាំងប្រជាពលរដ្ឋទូទៅផង។ ហេតុដូច្នេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការប្រកបដោយប្រសិទ្ធភាពចំពោះអតីតបក្សប្រឆាំងដែលហ៊ានរំលោភច្បាប់ រំលោភលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ដោយមិនអាចបណ្តែតបណ្តោយបានជាដាច់ខាត ដើម្បីការពាតសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខសុភមង្គលរបស់ប្រជាជនកម្ពុជាគ្រប់រូប»