ឯកឧត្តម​ កៅ​ ខុនដារ៉ា​ ប្រាប់សមាជិក​ចំនួនជាង១២០០នាក់ឲ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​រូបសញ្ញាទេវតាបាចផ្កា​ លំដាប់លេខរៀងទី២០​ បន្តអភិវឌ្ឍន៍ប្រទេសជាតិមានសុខសន្តិភាព និងភាពសុខុដុមរមនា


កោះកុង​ :ថ្ងៃច័ន្ទ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ត្រូវនឹងថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០១៨​ ឯកឧត្តម កៅ ខុនដារ៉ា សមាជិកគណកម្មាធិការកណ្តាល គណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រែអំបិល បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិការបក្ស បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយស្វាយ​ ស្រុកស្រែអំបិល ខេត្តកោះកុង និងបង្ហាញបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកោះកុង​ ដែលមានអ្នកចូលរួមជាង១២០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តម​ កៅ​ ខុនដារ៉ា​ បានមានមតិសំណេះសំណាលនិងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្ស​ សម្តេចក្រឡាហោម​ និងសម្តេចវិបុលសេនាភក្តី​ អនុប្រធានគណបក្ស​។

ក្នុងឱកាសនោះដែរ​ ឯកឧត្តម​ កៅ​ ខុនដារ៉ា​ បានថ្លែងបន្តថា​ :​ មានតែគណបក្សប្រជាជនកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុន​ សែន​ តែមួយគត់ ដែលបានរួមរស់រួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែង ខិតខំបំពេញការងារបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់​ ​មិនគិតពីការនឿយហត់​ មិនប្រកាន់ ពូជសាសន៍​ ពណ៌សម្បុរ​ សាសនាអ្វីទាំងអស់​ គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត​សម្បូរសប្បាយ​ ជីវភាពធូរធារ ជាមួយនឹងសុខសន្តិភាព​ ” ទីណាមានទុក្ខលំបាក​ ខ្វះខាត​ ទីនោះមានគណបក្សប្រជាជនកម្ពុជាជួយដោះស្រាយ​ “​ គណបក្សប្រជាជនកម្ពុជាយើងឈ្នះ គឺប្រជាពលរដ្ឋយើងឈ្នះ ប្រទេសជាតិយើងកាន់តែរីកចម្រើន។

ជាមួយគ្នានោះ​ ឯកឧត្តមកៅ​ ខុនដារ៉ា​ ប្រធានក្រុមការងារ ថ្លែងអំណរគុណនិងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋក្នុងឃុំជ្រោយស្វាយទាំងអស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ២៩ ខែកក្កដា ខាងមុខ ដើម្បីសម្តេចតេជោហ៊ុន​ សែន​ ដឹកនាំរាជរដ្ឋាភិបាល បន្តអភិវឌ្ឍន៍ប្រទេសជាតិ លើកកំពស់ជីវភាពរស់នៅប្រកបដោយសុខសន្តិភាព និងភាពសុខុដុមរមនាជាបន្តទៀត ៕