ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម ទី នរិន្ទ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវគ្រួសក្រហមប្រវែង៧១០០ម៉ែត្រ


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត​ និងឯកឧត្តម ទី នរិន្ទ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី២៤​ ខែកក្កដា ឆ្នាំ២០១៨ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវគ្រួសក្រហមប្រវែង៧១០០ម៉ែត្រ លូកាត់ផ្លូវ០៧​កន្លែង តភ្ជាប់ពីភូមិអូរព្រាល​ ដល់ភូមិព្រែក២ និងស្ពានឈើមួយកន្លែងទៀត មានប្រវែង១៦ម៉ែត្រ។

ពិធីនេះធ្វើឡើង នៅក្នុងបរិវេណដីវាល​ ជាប់ផ្លូវក្រាលគ្រួសក្រហម​ ស្ថិតក្នុងភូមិព្រែក២​ ឃុំសំរោង​ ស្រុកភ្នំក្រវាញ​ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត​ អភិបាលរងខេត្ត​ មន្ទីរអង្គភាពជុំវិញខេត្ត​ មន្ត្រីអ្នកមុខអ្នកការក្នុងស្រុក ក្រុមការងារចុះជួយ ឃុំ ស្រុក និងប្រជាពលរដ្ឋជិត៨០០នាក់ ។

ថ្នាក់ដឹកនាំទាំង២ បានសំណូមពរដល់ប្រជាពលរដ្ឋ បន្តចូលរួមប្រើប្រាស់ និងថែរក្សាសមិទ្ធផលទាំងនេះ ឲ្យបានគង់វង្សល្អ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់រួមដំណើរជាមួយ សម្តេចតេជោ ដើម្បីបានបន្តគ្រប់គ្រងដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង២​ ក៏បានអំពាវនាវបន្ថែមឲ្យបងប្អូនប្រជាពលរដ្ឋ ទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ​ នាថ្ងៃទី២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ឲ្យបានគ្រប់ៗគ្នា ដោយបញ្ជាក់ថានៅសល់០៥ថ្ងៃទៀតទេ នឹងដល់ថ្ងៃបោះឆ្នោតហើយ៕