ស្ពានអាកាសទី៦ នឹងស្ថាបនាឆ្នាំ២០១៧


Choum Chao Bridge 15 09 15 2 copy

     ស្ពានអាកាសមួយកន្លែងទៀត គ្រោងនឹងស្ថាបនានៅរង្វង់មូលចោមចៅ ជាយរាជធានីភ្នំពេញ។ អភិបាលរាជ ធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ក្នុងសប្តាហ៍នេះថា គម្រោងសាងសង់នឹងធ្វើក្នុងឆ្នាំ២០១៧ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍។

     គួររំលឹកថា រាជធានីភ្នំពេញ ដែលមានប្រជាជនជាង ២លាននាក់ និងយានយន្តច្រើនសែនគ្រឿង បានបង្កការកកស្ទះជារៀងរាល់ថ្ងៃ បើទោះបីជាសំណង់ស្ពានអាកាសមាន៤រួចទៅហើយក្តី។ ស្ពានអាកាសចំនួន ៤កន្លែង ដែលមានក្នុងរាជធានីមកហើយនេះ រួមមានស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ… ស្ពានអាកាស៧មករា និងស្ពានអាកាស៥មករា។ គម្រោងសំណង់ស្ពានអាកាសនៅរង្វង់មូលចោមចៅ ខណ្ឌពោធិ៍សែនជ័យ នឹងក្លាយជាសំណង់ស្ពានអាកាសទី៦…, គ្រាដែលការដ្ឋានសំណង់ស្ពានអាកាសទី៥ នៅម្តុំផ្សារដីហុយនៃខណ្ឌសែនសុខ កំពុងសម្រុករកការបញ្ចប់នាពេលច្រើនខែខាងមុខនេះ។

     ការឈូសឆាយជាបណ្តើរនៅចំណុចរង្វង់មូលចោមចៅ ត្រូវគេឃើញបានចាប់ផ្តើម ក្នុងសប្តាហ៍នេះហើយ។ រង្វង់មូលចោមចៅគឺជាទីប្រសព្វផ្លូវជាតិលេខ៣ និងលេខ៤ ដែលមានអ្នកដំណើរ យ៉ាងហោច ៦ខេត្ត ឆ្លងកាត់ចេញចូលរាជធានីភ្នំពេញ ហើយរង្វង់មូលចោមចៅ តែងតែមានការកកស្ទះចរាចរណ៍ជារឿយៗ។