រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ ទីណាដែលប្រជាជនជួបការលំបាក ទីនោះមានទេវតាតាមយកអាសា


(កំពង់ចាម)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រៃឈរ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ទេវតា និងមនុស្សលោកតែងមានទំនាក់ទំនងគ្នា ហើយទីណាដែលប្រជាជនជួបការលំបាក ទីនោះប្រាកដជាមានវត្តមានរបស់ទេវតាតាមយកអាសាជានិច្ច ជាក់ស្តែងវត្តមានរបស់ក្រុមការងារថ្នាក់ជាតិនៃគណបក្សទេវតាថ្ងៃនេះ គឺដើម្បីជួយសង្គ្រោះ និងតាមថែរក្សាប្រជាពលរដ្ឋទាំងអស់។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ដូច្នេះ នាឱកាសចុះសំណេះសំណាល និងនាំយកអំណោយជាសម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ចំនួន ១,៤៨៥នាក់ មកពី ៣២៥គ្រួសារ នៅក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃពុធ ទី០១ ខែសីហា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋរងគ្រោះទាំង ៣២៥គ្រួសារ និងបានជម្រាបជូនពីការជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងារថ្នាក់ជាតិ សម្រាប់ប្រជាពលរដ្ឋរងគ្រោះទូទៅ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា និងនិន្នាការនយោបាយ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋភូមិកំពង់សំណាញ់ ដែលបានបោះឆ្នោតជូនសម្តេច ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើអាជ្ញាធរមូលដ្ឋាន បន្តជួយសម្របសម្រួលការផ្លាស់ទីលំនៅបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយសហការជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីដោះស្រាយបញ្ហាលំបាកផ្សេងៗចំពោះមុខ ទាំងក្នុងពេលបច្ចុប្បន្ន និងក្រោយពេលទឹកជំនន់ស្រកចុះ។

បន្ថែមលើសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញធ្វើដំណើរតាមកាណូត ដើម្បីពិនិត្យមើលស្ថានភាពកម្ពស់ទឹកជំនន់ ដែលកំពុងកើនឡើងរៀងរាល់ថ្ងៃ បណ្តាលឱ្យជន់លិចផ្ទះ និងស្រែចំការមួយចំនួនរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិកំពង់សំណាញ់ និងបានចុះសំណេះសំណាលផ្ទាល់ ជាមួយគ្រួសារប្រជាពលរដ្ឋរងគ្រោះ ដែលបានភៀសខ្លួន មករស់នៅទីទួលសុវត្ថិភាព ផងដែរ។

សូមជម្រាបថា អំណោយដែលឯកឧត្តមរដ្ឋមន្ត្រី បានយកមកប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ៣២៥គ្រួសារថ្ងៃនេះ រួមមាន៖ ថវិកា ១៣លានរៀល, អង្ករចំនួន ៦,៥តោន, តង់ចំនួន ៣២៥ឈុត, មុងជ្រលក់ថ្នាំចំនួន ៣២៥សម្រាប់, និងភេសជ្ជៈចំនួន ៣២៥កញ្ចប់ ក្នុងនោះគ្រួសារនីមួយៗ ទទួលបានថវិកា ៤ម៉ឺនរៀល, អង្ករ ២០គីឡូក្រាម, តង់ ១ឈុត, មុង ១សម្រាប់ និងភេសជ្ជៈ ១កញ្ចប់៕