ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ និងគ្រូបង្រៀនវគ្គបំប៉ននៅវិទ្យាល័យ មកពីក្រុងកំពត និងស្រុកទឹកឈូ


នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត អមដំណើរ ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ទេសរដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ និងគ្រូបង្រៀនវគ្គបំប៉ននៅវិទ្យាល័យ មកពីក្រុងកំពត និងស្រុកទឹកឈូ នៅសាលាខេត្តកំពតអាគារខាងជើង។

ឯកឧត្តម បណ្ឌិត បានមានប្រសាសន៍ ទៅកាន់អង្គពិធីដោយមានខ្លឹមសារថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹ
ងកំពុងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏មានសារៈសំខាន់ ដោយហេតុថា វិស័យនេះ គឺជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍ វិស័យផ្សេងៗទៀត ផ្អែកតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ បានកំណត់នូវធាតុ ៤ ក្នុងការអភិវឌ្ឍសេដ្ឋជាតិនោះ គឺទឹក ផ្លូវ ភ្លើង មនុស្ស។ ក្នុងន័យផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិត យ៉ាងពិតប្រាកដ ជូនដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូង សម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ឆ្លៀតក្នុងឱកាសដ៏មានអត្ថន័យនាពេលនេះផងដែរ ឯកឧត្តមបានថ្លែងនូវអំណរគុណចំពោះមាតា បិតា សិស្ស លោកគ្រូ អ្នកគ្រូ ដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងនាមពលរដ្ឋខ្មែរ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិនជឿលើការឃោសនាអកុសល្យរបស់ពួកអគតិមួយក្តាប់តូចដែលធ្វើតាមបញ្ជារបស់ចៅហ្វាយនាយបរទេស។ ឯកឧត្តមបានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំត្រង់ត្រាប់ស្តាប់ការពន្យល់របស់លោកគ្រូ អ្នកគ្រូដែលត្រូវមកបង្រៀនវគ្គបំប៉ននៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយសង្ឃឹមថានឹងទទួលបានលទ្ធផលល្អប្រសើរជាងបណ្តាឆ្នាំកន្លងទៅ។

សូមជម្រាបថាពិធីសំណេះសំណាលនាព្រឹកនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុង ស្រុក មន្ត្រីរាជការ សាលាក្រុងកំពត និងស្រុកទឹកឈូ លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស សរុបប្រមាណ៧២៥នាក់។