ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តម ចច អីដកា អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់រង្វាន់ដល់អ្នកទទួលជ័យលាភីជាអ្នកចិញ្ចឹមសត្វឆ្នើម


នៅរសៀលថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តម ចច អីដកា អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់រង្វាន់ដល់អ្នកទទួលជ័យលាភីជាអ្នកចិញ្ចឹមសត្វឆ្នើម ក្រោមគម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ។ ក្នុងពិធីដ៏មានអត្ថន័យនាពេលនេះ ក៏មានវត្តមានរបស់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍ វិស័យឯកជន តំណាងក្រុមហ៊ុន ភ្ញៀវជាតិ និងអន្តរជាតិ និងកសិករដែលជាអ្នកចិញ្ចឹមសត្វឆ្នោមយ៉ាងច្រើនកុះករផងដែរ។
គម្រោងកម្មវិធីជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្ន អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វគឺជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សហភាពអឺរ៉ុបដែលមានទឹកប្រាក់សរុប ២៦លានអឺរ៉ូ ដើម្បីអនុវត្តពីឆ្នាំ២០១៣ ដល់២០១៨ ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការអភិវឌ្ឍន៍អនុវិស័យជលផល និងអនុវិស័យផលិតកម្មសត្វ ដែលមានការគាំទ្រយ៉ាងពេញលេញពីរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍នានា ដោយឈរលើមូលដ្ឋានគោលការណ៍កម្មវិធីយុទ្ធសាស្រ្ត (Programme-Based Approach-PBA)។
សូមបញ្ជាក់ផងដែរថា ក្នុងនោះអនុវិស័យផលិតកម្មសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វទទួលបានជាង ៧ លានអឺរ៉ូដើម្បីអភិវឌ្ឍនិងធ្វើឲ្យប្រសើរទ្បើងនូវសុខភាពសត្វ និងផលិតកម្មសត្វ ដោយផ្តោតលើលទ្ធផលរំពឹងទុកចំនួន៣ ជាសំខាន់ដែលបាននិងកំពុងអនុវត្តទូទាំង២៥ រាជធានីខេត្តគឺ៖ ការពង្រឹងប្រព័ន្ធផលិតកម្មសត្វ និងគ្រប់គ្រងស្ថាប័ន ការពង្រឹងបណ្តាញភ្នាក់ងារសុខភាពសត្វភូមិ និងការគាំទ្រដល់អ្នកចិញ្ចឹមសត្វខ្នាតតូច។ កម្មវិធី ប្រគល់រង្វាន់ដល់អ្នកទទួលជ័យលាភីគឺជាអ្នកចិញ្ចឹមសត្វឆ្នើមជាផ្នែកមួយនៃគម្រោងកម្មវិធី ដែលបានប្រឡងជ្រើសរើស និងលើកទឺកចិត្តដល់អ្នកមានស្នាដៃឆ្នើមក្នុងការចិញ្ចឹមសត្វ និងដាំដំណាំចំណីសត្វក្នុងគោលបំណងប្រែក្លាយគាត់ឲ្យទៅជាអ្នកចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្ម និងជាគំរូដល់កសិករដទៃបន្តទៀត។
មានមតិស្វាគមន៍ ឯកឧត្តម ចច អីដកា អគ្គរាជទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថាក្នុងវិស័យកសិកម្ម អនុវិស័យចិញ្ចឹមសត្វគឺជាអនុវិស័យដ៏មានសារៈសំខាន់បន្ទាប់ពីវិស័យដំណាំស្រូវនៅកម្ពុជា និងជាចលនាសំខាន់ក្នុងការបង្កើនការងារ ប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។ ហើយឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះសម្មភាព និងភាពគាំទ្រពីគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការអនុវត្តគម្រោងឲ្យទទួលបានលទ្ធផលជាផ្លែផ្កា។
នាក្នុងឪកាសដ៏ប្រពៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសហភាពអឺរ៉ុបដែលបាន និងកំពុងជួយអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ហើយឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថាសហភាពអឺរ៉ុបនឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាបន្តទៀត ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នាឆ្នាំ ២០៣០។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការអនុវត្តគម្រោង និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានដូចការរំពឹងទុករបស់កម្មវិធី។ សូមបញ្ចាក់ថា៖ នៅក្នុងគម្រោងកម្មវិធីនេះបានបង្កើតការចិញ្ចឹមមាន់បង្ហាញបានចំនួន ១១១កន្លែង ដែលបានសាយភាយដល់ជាង ១ ៣០០គ្រួសារបន្ថែមស្មើនឹងមាន់ ៥២ ២១៧ក្បាល។ បង្កើតការចិញ្ចឹមជ្រូកបង្ហាញបាន ១០០កន្លែង និងបានសាយភាយដល់ជាង ៤០០គ្រួសារបន្ថែមស្មើនឹងជ្រូក ៣៦០ក្បាល។ កម្មវិធីក៏បានផ្តោតលើការដាំស្មៅបង្ហាញសម្រាប់ចំណីសត្វផងដែរ ដោយបានបង្កើតបានចំនួន ២០០កន្លែងដល់ជាង ៤២០គ្រួសារស្មើនឹង ៩ ៣៥២ហត។ ធ្វើការកែលម្អអនាម័យសត្តឃាតដ្ឋានបាន ១៥៥កន្លែង ការចាក់ថ្នាំវ៉ាក់សាំងបង្ការសត្វ ធ្វើជីវៈសុវត្ថិភាព ត្រួតពិនិត្យសុវត្ថិភាពសត្វ និងសាច់ ការបង្កាត់ពូជគោ និងជ្រូកសិប្បនិម្មិតក៏បានអនុវត្តយ៉ាងមានប្រសិទ្ធភាពផងដែរ។ កម្មវិធីក៍បានពង្រឹងសមត្ថភាពមន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល និងភ្នាក់ងារសុខភាពសត្វភូមិទូទាំង២៥ រាជធានី ខេត្ត និងកសិកររាប់ម៉ឺននាក់ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល និងវគ្គសិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមសត្វ ការគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ ហិរញ្ញវត្ថុនិងគណនេយ្យ ការបញ្ជ្រៀបយេនឌ័រនិងការអភិវឌ្ឍ ដាំដំណាំចំណីសត្វ ការធ្វើចំណីសត្វ ការគ្រប់គ្រងជំងឺសត្វ ការអង្កេតនិងតាមដានជំងឺសត្វ ការអនុវត្តការចិញ្ចឹមសត្វល្អរបស់អាស៊ាន (ASEAN Good Animal Practice) ទស្សនៈកិច្ចសិក្សាទៅប្រទេសអាស៊ាន រួមជាមួយការបង្កើត និងផ្សព្វផ្សាយក្របខ័ណ្ឌផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបសុសត្វ ២០១៦-២០២៥ និងច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ អនុក្រឹត្យ និងប្រកាសនានារបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វគួរជាទីមោទនៈ។
ក្នុងឱកាសនោះ ឯកឧត្តរដ្ឋមន្ត្រីបានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធឲ្យផ្តោតជាសំខាន់នូវសុខទុក្ខ បញ្ហាប្រឈម និងជីវភាពរបស់ប្រជាកសិករ តាមរយៈរៀបចំផែនការពង្រឹងសមត្ថភាព និងបង្កើនប្រាក់ចំណូលរបស់កសិករឲ្យស្របទៅនិងកំណើនសេដ្ឋកិច្ចជាតិ និងជាពិសេសសម្រាប់ឆ្នាំ ២០៣០ ដែលប្រទេសកម្ពុជារំពឹងថានឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់។