ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃប្រៃសណីយ៍កម្ពុជា លោក អោក បូរ៉ា ត្រូវបានជ្រើសតាំងជាម្ចាស់ពានរង្វាន់អន្តរជាតិ International Award for Excellence & Leadership 2016 លើការដឹកនាំ និងកែទម្រង់សហគ្រាសសាធារណៈ (ប្រៃសណីយ៍កម្ពុជា) ដោយក្លិបអ្នកដឹកនាំធុរកិច្ចពិភពលោក នៅសណ្ឋាគារ Melia Castilla ក្នុងទីក្រុង Madrid នៃប្រទេសអេស្ប៉ាញ នាថ្ងៃទី១១ កក្កដា ២០១៦ ។
កម្មវិធីប្រគល់ពានរង្វាន់ខាងលើរៀបចំឡើងក្នុងគោលបំណងបង្កើតឱកាស ទំនាក់ទំនងជាលក្ខណៈអន្តរជាតិ សម្រាប់អ្នកគ្រប់គ្រងប្រតិបត្តិករ វិនិយោគិន ប្រធានស្ថាប័ន អ្នកមានគំនិតច្នៃប្រឌិត បានជួបពិភាក្សាផ្លាស់ប្ដូរយុទ្ធសាស្ត្រគ្នាទៅវិញទៅមក ជាពិសេសចែករំលែកទស្សនវិស័យផ្នែកទីផ្សារ ការគ្រប់គ្រងមានលក្ខណៈស្តង់ដារ ដំណើរការក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ និងការផ្លាស់ប្ដូរបទពិសោធន៍លើជំនួញ ព្រមទាំងជាឱកាសដ៏វិសេសវិសាលមួយសម្រាប់ចាប់យកដៃគូជំនួញឆ្លងកាត់ ព្រំដែននៃប្រទេសនីមួយៗ ។
ការដឹកនាំកែទម្រង់សហគ្រាសសាធារណៈ ប្រៃសណីយ៍កម្ពុជានេះ ក៏ធ្លាប់បានទទួលស្គាល់ការដឹកនាំអាជីវកម្មលំដាប់អន្តរជាតិផងដែរ ដូចជា៖ ឆ្នាំ២០១៦ – International Award for Excellence & Leadership និងឆ្នាំ២០១៤ – UPU Best Management។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការសហការពីបណ្ដាប្រទេស ចំនួន៩៥នៅលើពិភពលោក ដើម្បីចែករំលែកបទពិសោធន៍ និងរៀនបន្ថែមពីគ្នាទៅវិញទៅមក ។ លោក អោក បូរ៉ា ត្រូវបានក្លិបអ្នកដឹកនាំធុរកិច្ចពិភពលោក ជ្រើសរើសជាម្ចាស់ជ័យលាភីក្នុងចំណោមអ្នកដឹកនាំក្រុមហ៊ុនមកពី ប្រទេសចំនួន២៥មកពីគ្រប់វិស័យផលិតកម្ម និងសេវាកម្មប្រចាំឆ្នាំ២០១៦ ។
ទាំងនេះគឺដោយសារភាពជោគជ័យក្នុងការដឹកនាំ និងកែទម្រង់ពីអង្គភាពរដ្ឋឲ្យក្លាយទៅជាសហគ្រាសសាធារណៈមានឈ្មោះថា ប្រៃសណីយ៍កម្ពុជា ដែលមានស្វ័យតលើការងាររដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ ។ ក្រោមភាពដឹកនាំដ៏ប៉ិនប្រសប់របស់លោកអគ្គនាយកតាំងពីឆ្នាំ២០១១ រហូតដល់ពេលនេះ បានប្រែមុខមាត់ថ្មីទទួលបានការជឿទុកចិត្តពីអតិថិជន និងដៃគូអាជីវកម្មជាតិ និងអន្តរជាតិ បានពង្រីកវិសាលភាពអាជីវកម្មកាន់តែធំជាងមុន ទំនើបកម្មបច្ចេកវិទ្យា ICT ទាន់សម័យ បណ្ដុះបណ្ដាលនិយោជិតជំនាញគ្រប់លំដាប់ថ្នាក់ បង្កើនប្រាក់ចំណូលដល់អង្គភាពជារៀងរាល់ឆ្នាំ ជាពិសេសបានជួយលើកកម្ពស់ជីវភាពនិយោជិតមានកម្រិតប្រកួតប្រជែង ទីផ្សារបាន និងឆ្លើយតបតាមផែនការរាជរដ្ឋាភិបាល ៕