ឯកឧត្តម អ៊ូច ភា ដឹកនាំមន្ត្រីរាជាការក្នុងខេត្តតាកែវ ដាំកូនឈើដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា


ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ព្រឹកថ្ងៃច័ន្ទ ១០រោច ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំម្លាំង ប្រដាប់អាវុធទាំង៣ ប្រភេទ សហការណ៍ ជាមួយខណ្ឌរដ្ឋបាល ព្រៃឈើតាកែវ ដាំកូនឈើដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លា របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅសួន ច្បារខាង មុខមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចូលរួមថែរក្សាការពារបរិស្ថាន ធម្មជាតិ ក៏ដូចជាបំផុសឲ្យយើងទាំងអស់គ្នា បានយល់ដឹង អំពីផលប្រយោជន៍នៃព្រៃឈើ ព្រមទាំងនាំគ្នាដាំដើមឈើឡើងវិញ ទាំងនៅទីសាធារណៈ ក៏ដូចជា នៅតាមគេហដ្ឋាន។ ឯកឧត្តមបានបន្តថា ធនធានព្រៃឈើជាតិ មិនត្រឹមតែជាតម្លៃ សេដ្ឋកិច្ច និងការប្រើប្រាស់ប៉ុណ្ណោះទេ វាមានតម្លៃផ្សេងៗ ទៀតជាច្រើនដូចជា បរិស្ថាន វប្បធម៌ប្រវត្តិសាស្រ្ត ទេសចរណ៍ ការសិក្សាស្រាវជ្រាវប្រព័ន្ធការពារដី ការទប់ស្កាត់មិនឲ្យមាន រហោលដ្ឋាន ឬឱនភាពដី ប្រព័ន្ធការពារជីវៈចម្រុះ ផ្តល់ជំរក ដល់មនុស្សសត្វលើផែនដី។

ជាមួយគ្នានោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអំពាវ នាវឲ្យមានការដាំដើមឈើ នៅតាមទីសាធារណៈ វត្តអារាម លំនៅដ្ឋាន ឬនៅតាមដងផ្លូវនានា ពីព្រោះព្រៃឈើមានសារ សំខាន់ណាស់ ក្នុងការជួយថែរក្សាលំនឹងបរិស្ថាន ផ្តល់ម្លប់ ជ្រកកោន ធ្វើជាសម្ភារប្រើប្រាស់ ធ្វើគម្របដីដាំទប់ការហូរច្រោះ ផ្តល់ជីវជាតិដល់ដីស្រែចម្ការ ស្រូបយកឧស្ម័នការបូនិក សំអាតបរិស្ថានឲ្យមានព័ណ៌បៃតងស្រស់បំព្រង ហើយផ្លែ សម្រាប់ពិសា ឬលក់ដូរ ដើម្បីបង្កើននូវប្រាក់ចំណូលក្នុងគ្រួសារ៕