រដ្ឋមន្ត្រីការបរទេសចូលរួមកិច្ចប្រជុំញូយ៉ក


Brak Sokon 16 09 16 2 copy

     រដ្ឋមន្ត្រីការបរទេសកម្ពុជា ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៧១ របស់មហាសន្នីបាតអង្គការសហប្រជាជាតិ នៅសប្តាហ៍ក្រោយនេះហើយ។  កិច្ចប្រជុំលើកទី៧១ របស់មហាសន្នីបាតអង្គការសហប្រជាជាតិ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងញូវយ៉ក។

     យោងតាមសេចក្តីជូនដំណឹងក្រសួងការបរទេសកម្ពុជា ដំណើរចូលរួមប្រជុំនៅអង្គការសហប្រជាជាតិរបស់ ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រួមមានៈ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយប្រធានមហាសន្នីបាតនៃអង្គការសហប្រជាជាតិ លើកទី៧១ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ… កិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេ រិក… កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន… សម័យប្រជុំពេញអង្គពិសេសនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ផ្តោតទៅលើការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សម្ព័ន្ធភាព ប៉ាស៊ីហ្វិកលើកទី៣ ។

     ក្រសួងការបរទេសបានបញ្ជាក់ថា លោករដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងឡើងថ្លែងសុន្ទរកថា នៅ ក្នុងសម័យប្រជុំមហាសន្នីបាតអង្គការសហប្រជាជាតិលើកទី៧១ ក្រោមប្រធានបទ “គោលដៅនៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព៖ ភាពជំរុញជាសកលក្នុងការផ្លាស់ប្តូរពិភពលោក” ដែលពិភពលោកបានព្យាយាមប្រែក្លាយ ទៅជាការពិត ដើម្បីសម្រេចឲ្យបាននូវកំរិតជីវភាពប្រសើរជាងមុន សម្រាប់ប្រជាជនលើសកលលោក ។ ក្រៅពីនោះ លោករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបទ្វេភាគីមួយចំនួនផងដែរ ជាមួយរដ្ឋមន្ត្រីការបរទេស និងប្រមុខគណៈប្រតិភូនៃប្រទេសមួយចំនួនថែមទៀត ៕