ឯកឧត្តម សុខ ឥសាន ថា សកម្មជន ដីធ្លីត្រូវបានលើកលែងទោស តាមសំណើទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន


ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (CPP) បានដាស់តឿន លោកស្រី ទេព វន្នី និងសហការី៣នាក់ទៀត ដែលត្រូវបានលើកលែងទោស ពិចារណាឲ្យបានដិតដល់ មូលហេតុ ដែលត្រូវបានលើកលែងទោសថា ដោយសារអ្នកណា ទើបធ្វើឲ្យ ខ្លួនមានសេរីភាព។

ការលើកឡើរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាចនេះ បន្ទាប់ពីព្រះមហាក្សត្រ បានត្រាប់បង្គាប់ លើកលែងទោស លោកស្រី ទេព វន្នី និងសហការីចំនួន៣នាក់ផ្សេងទៀត កាលពីរាត្រីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២១ សីហា ថា សកម្មជន ដីធ្លីត្រូវបានលើកលែងទោស មានលោកស្រី ទេព វន្នី និងសហការី៣នាក់ ត្រូវបាន ព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យលើកលែងទោស តាមសំណើទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។

ឯកឧត្តមបន្តថា “ការដោះលែងនេះ បានបញ្ជាក់ថា ទណ្ឌិតបានកែប្រែអត្តចរិត បានល្អប្រសើរ គួរសមហើយ ហើយក៏បានបញ្ជាក់យ៉ាងច្បាស់ ពីមនោសញ្ចេតនា របស់សម្តេចតេជោហ៊ុន សែន ដែលតែងតែមានដក់នៅក្នុងអារម្មណ៍ សណ្តោសប្រោសប្រណី ដល់ពលរដ្ឋខ្មែរ គ្រប់រូប ដែលសម្តេចតែងតែជួយស្រោចស្រង់ ឲ្យរួចផុពីការលំបាកទុក្ខវេទនា ដោយមិនប្រកាន់និន្នាការ នយោបាយ ឬអតីតកាលដែលធ្លាប់ជេរ ប្រមាថសម្តេចយ៉ាងអយុត្តិធម៌នោះ”។

ឯកឧត្តមថា តែទោះយ៉ាងណាក្តី ដើម្បីស្របតាមបំណងប្រាថ្នាទាំងអស់គ្នាមានតែសាម៉ីជន ត្រូវចេះភ្ញាក់រលឹកដោយខ្លួនឯងផង នោះទើបរកឃើញសុភមង្គលក្នុងក្រុមគ្រួសារ។ បញ្ហាសំខាន់គួរកុំចេះតែភ្លើតភ្លើន តាមការញុះញង់ របស់បរទេស និងក្រុមជនអគតិមួយចំនួន ដែលបានរត់ភៀសខ្លួននៅក្រៅប្រទេស ៕