ពិធីបើកវគ្គបណ្តុះបណ្តាលក្រមសីលធម៌អាចារ្យខ្មែរលើកទី២៩


ទីស្តីការក្រសួងៈ រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ សីហា ឆ្នាំ ២០១៨ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ លើកទី២៩ ដែលមានសិក្ខាកាមសរុបចំនួនចំនួន ១៧៣ អង្គ/នាក់ ។
ក្នុងឱកាសនោះផងដែរឯកឧត្តមទេសរដ្ឋមន្ត្រី បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ បុគ្គលិក នៃក្រសួងធម្មការ និងសាសនា ក៏ដូចជានាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម និងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បង្កើតឱ្យមានការវិវត្ត រីកចម្រើនថ្មីៗបន្ថែមទៀត ទាក់ទងទៅនឹងការថែរក្សា និងអភិរក្សនូវវប្បធម៌ ប្រពៃណី ទំនៀម-ទម្លាប់របស់ជាតិសំដៅរួមចំណែកកសាងធនធានមនុស្ស និងលើកស្ទួយវិស័យវប្បធម៌ សាសនា ជាពិសេស គឺការចែករំលែកចំណេះដឹង ដើម្បីតម្រង់ទិសរបៀបរៀបចំពិធីមង្គល និងពិធីបុណ្យផ្សេងៗ ដោយមានការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីព្យាយាម យកចិត្តទុកដាក់ និងឆន្ទៈមុះមុតរបស់ព្រះឧទ្ទេសាចារ្យ ឧទ្ទេសាចារ្យ ក្នុងការបង្ហាត់បង្រៀន ផ្ទេរចំណេះដឹងដើម្បីបំពេញបន្ថែមនូវចំណេះដឹង ចំណេះធ្វើ ដល់សិក្ខាកាមអាចារ្យ រហូតដល់ទទួលបានជាផ្លែផ្កាគួរជាទីមោទនៈដូចពេលនេះ។
ហើយនេះក៏ជាជាធនធានមនុស្ស ដែលរួមចំណែក លើកកម្ពស់ការពង្រឹងការប្រតិបត្តិនូវប្រពៃណី ទំនៀមទម្លាប់ខ្មែរយើង ឱ្យបានគង់វង្ស ស្របតាម ចរន្តលំហូរនៃសាកលភាវូបនីយកម្ម និងការអភិវឌ្ឍគ្រប់វិស័យរបស់ប្រទេសជាតិយើង។
ទន្ទឹមនឹងនេះឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានមានប្រសាសន៍បញ្ជាក់ជូន អំពីគោលនយោបាយឈ្នះៗ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកឲ្យប្រទេស និងប្រជាជនកម្ពុជា នូវសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ និងសូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានប្រកាសបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី២៩ ចាប់ពីពេលនេះតទៅ។