ឯកឧត្តមវេង សាខុន និង ឯកឧត្តម សុខ ពុទ្ធិវុធ បានអញ្ជើញទៅពិនិត្យ ដំណាំស្រូវដែលទទួលរងនូវផលប៉ះ ពាល់ដោយគ្រោះរាំងស្ងួតនៅភូមិតាវង


នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមជាមួយឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត និងសហការីបានអញ្ជើញទៅពិនិត្យ ដំណាំស្រូវដែលទទួលរងនូវផលប៉ះ ពាល់ដោយគ្រោះរាំងស្ងួតនៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំ ស្រុក ខេត្តបន្ទាយមានជ័យ។ តាម របាយការណ៍របស់មន្ទីរឲ្យដឹងថាផ្ទៃដីស្រូវចំនួន ៥៤៦៩ហត(មានស្រូវស្រាលដើមរដូវ ស្រូវកណ្តាល និងស្រូវធ្ងន់) ត្រូវបានប៉ះពាល់ដោយគ្រោះរាំងស្ងួត និងផ្ទៃដីចំនួនជាង ៨០០០ហត បានជួបគ្រោះទឹកជំនន់។ បច្ចុប្បន្នមានភ្លៀងធ្លាក់ដោយកន្លែងអាចជួយសង្គ្រោះស្រូវបានមួយចំនួនធំ។ ដោយឡែកទឹកជំនន់ក៏បានស្រកចុះទៅរក ស្ថានភាពប្រក្រតីវិញហើយ។

នាឱកាសនេះ ឯកឧត្តម សុខ ពុទ្ធិវុធបានមានមតិក្នុងន័យជា សំខាន់គឺសូមជួយរំលែកនូវទុក្ខលំបាក របស់កសិករដោយ សារគ្រោះធម្មជាតិនេះ និងលើកទឹកចិត្តដល់កសិករឲ្យខិតខំជំនះឲ្យបាននូវរាល់បញ្ហា ហើយសហព័ន្ធស្រូវអង្ករកម្ពុជានឹងចូលរួមសហការជាមួយក្រសួងកសិកម្ម និងអាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីរិះរកគ្រប់មធ្យោបាយដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាពតាមដែលអាចធ្វើទៅបាន។

នៅចំពោះមុខប្រជាពលរដ្ឋជាង១៥០ នាក់ដែលជាម្ចាស់ស្រែ ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ដែលសម្តេចទាំងពីរសូមជួយចែករំលែកនូវសេចក្តីទុក្ខលំបាករបស់ប្រជា ពលរដ្ឋដែលបានទទួលរងនូវគ្រោះទឹកជំនន់ និងគ្រោះរាំង ស្ងួតនៅទូទាំងខេត្តបន្ទាយមានជ័យ និងជាពិសេសប្រជា ពលរដ្ឋស្រុកភ្នំស្រុក ហើយ សម្តេចបានជូនពរនិងបន់ស្រន់ឲ្យពលរដ្ឋរងគ្រោះគ្រប់ៗគ្រួសារបានឆ្លងផុតនូវគ្រោះធម្មជាតិនេះឲ្យឆាប់នាពេលខាងមុខ។

ចំពោះបញ្ហានេះ ជាជំហានដំបូងឯកឧត្តមរដ្ឋមន្រ្តីសុំឲ្យមន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ស្វែងរកប្រភពទឹក និងប្រឹងប្រែងឲ្យអស់លទ្ធភាពធ្វើការបូមបាចជួយសង្គ្រោះសន្ទូងតាមលទ្ធភាព។ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះស្រង់ស្ថិតិ និងវាយតម្លៃ ពីផលប៉ះពាល់ រួចត្រៀមស្រូវពូជ ពូជដំណាំទុកចែកជូនពលរដ្ឋដែលទទួលរងផលប៉ះពាល់ដើម្បីស្តារផលិតកម្មកសិកម្មឡើងវិញ។ អគ្គនាយកដ្ឋានគូរចុះសិក្សាពីស្ថានភាពភូមិសាស្រ្តឲ្យបានច្បាស់លាស់ ប្រយោជន៍ពិនិត្យលទ្ធភាព ប្តូរផលិតកម្មស្រូវ ទៅជាផលិតកម្មដំណាំកសិឧស្សាហកម្ម ឬដំណាំរួមផ្សំផ្សេងៗទៀតដែលប្រើប្រាស់ទឹកតិច និងមានអាយុកាលផលិតកម្មខ្លី។ ក្រៅពីដំណាំស្រូវ លោកបានណែនាំឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជាប្រភពចំណូលក្នុងគ្រួសារផងដែរ។