អបអរសាទរ​កីឡា​ការិនី​​​កម្ពុជា ដណ្ដើម​បាន​មេដាយ​មាស ​ក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games


(ហ្សាការតា)៖​ កីឡា​ការិនី​កូន​កាត់​ខ្មែរ-អាមេរិក កញ្ញា ខាន់ ចេសា ដណ្ដើម​បាន​មេដាយ​មាស​ ក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games លើកទី១៨ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​​ជា​មេដាយ​មាស​ដំបូង​សម្រាប់​បេសកកម្ម​អត្តពលិក​កម្ពុជា​ឆ្នាំ​​២០១៨​នេះ បន្ទាប់​ពី​​យក​ឈ្នះ​លើ​កីឡា​ការិនី​អារ៉ាប់រួម Alhinaai Mahra ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​ប្រភេទ​កីឡា​ជឺជិតស៊ូ លើ​វិញ្ញាសា​ទម្ងន់​ក្រោម ៤៩​គីឡូក្រាម។

ការ​ទទួល​បាន​ជ័យ​ជម្នះ​នេះ គឺ​ជា​មោទនភាព​ថ្មី​មួយ​ទៀត សម្រាប់​​កីឡា​ជាតិ​កម្ពុជា ដែល​ដណ្ដើម​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​អាស៊ី ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​រយៈ​ពេល​៤ឆ្នាំម្ដង។ សូម​ជម្រាប​ថា កន្លង​មក កញ្ញា ខាន់ ចេសា បាន​ឆ្លង​កាត់​ការ​ប្រកួត​កីឡា ៦លើក ​រួច​មក​ហើយ។