ជំនួបរវាងប្រធានអង្គការ មូលនិធិហ្វ្រេតហូឡូកម្ពុជា ជាមួយ​ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល


នារសៀលថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម​ ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោក សិត សំអាត ប្រធានមូលនិធិហ្វ្រេតហូឡូកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា ក្នុងឱកាសដែលលោកបានបញ្ចប់ការងារក្នុងរយៈពេល១៦ឆ្នាំរបស់លោក។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ កោតសរសើរនិងថ្លែងអំណរគុណដល់មូលនិធិហ្វ្រេតហូឡូកម្ពុជា ដែលតែងតែផ្តល់ការឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសកម្មវិធីសុខភាពភ្នែកនៅកម្ពុជា ទាំងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកចក្ខុរោគ ការសាងសង់និងជួសជួលអគារចក្ខុរោគនៅតាមមន្ទីរពេទ្យនានាទូទាំងប្រទេស ព្រមទាំងការផ្គត់ផ្គង់សម្ភារៈបរិក្ខារផ្នែកចក្ខុរោគផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ការឧបត្ថម្ភគាំទ្ររបស់មូលនិធិហ្វ្រេតហូឡូកម្ពុជា បានចូលរួមចំណែកលុបបំបាត់ជំងឺត្រាក់កូមនៅកម្ពុជា។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យមូលនិធិហ្វ្រេតហូឡូកម្ពុជា បន្តការគាំទ្រដល់កម្មវិធីសុខភាពភ្នែកបន្ថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅគំហើញ២០២០។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសម្តែងការសោកស្តាយដែលលោកប្រធានមូលនិធិបានបញ្ចប់បេសសកម្ម និងបានជូនពរឱ្យលោកប្រធានបានទទួលជោគជ័យក្នុងការងារថ្មីជាបន្តទៀត។

លោកប្រធានមូលនិធិហ្វ្រេតហូឡូកម្ពុជា បានរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្រ្តី ថាមូលនិធិហ្វ្រេតហូឡូ កម្ពុជា បានចាប់ផ្តើមកម្មវិធីរបស់ខ្លួនតាំងពីឆ្នាំ១៩៩៨ និងចាប់ផ្តើមសហការជាមួយក្រសួងសុខាភិបាលពីឆ្នាំ២០០១ ដោយបានសហការជាមួយកម្មវិធីជាតិសុខភាព និងសាកលវិទ្យាល័យវិទ្យាសាស្រ្ត​ សុខាភិបាលក្នុងការបណ្តុះបណ្តាលចក្ខុបណ្ឌិតបានចំនួន៣៩នាក់ ចក្ខុគិលានុប្បដ្ឋាកចំនួន១២២នាក់។ លើសពីនេះមូលនិធិបានសហការជាមួយមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បណ្តុះបណ្តាលចក្ខុមាត្រការី បានចំនួន១១៨នាក់។ លោកប្រធានមូលនិធិ បានបញ្ជាក់បន្ថែមថា ក្រៅពីការអភិវឌ្ឍធនធានមនុស្ស អង្គការនៅបានជួយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ដូចជាការសាងសង់និងជួសជុលអគារចក្ខុរោគព្រមទាំងការបំពាក់សម្ភារៈបរិក្ខារចក្ខុរោគ នៅតាមមន្ទីរពេទ្យខេត្តមួយចំនួន ដូចជា ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ។ លោកប្រធានមូលនិធិក៏បានសម្តែងអំណរគុណដល់ក្រសួងសុខាភិបាល ជាពិសេសជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែ គាំទ្រ និងសហការយ៉ាងជិតស្និទជាមួយអង្គការហ្រ្តីតហូឡូកម្ពុជា និងបានគោរពស្នើសុំក្រសួងសុខាភិបាលបន្តសហការនិងគាំទ្រសកម្មភាពរបស់អង្គការជាបន្តទៀត។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មូលនិធិហ្វ្រេតហូឡូកម្ពុជា និងរដ្ឋាភិបាលអូស្រ្តាលី ដែលកំពុងនិងបន្តជួយផ្នែកចក្ខុរោគនៅកម្ពុជា ដើម្បីសម្រេចឱ្យបានគំហើញ២០២០។

ព័ត៌មានទទួលបានពីនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិក្រសួងសុខាភិបាល។