ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងបានចូលរួមជាអធិបតីក្នុងពិធីបើកការអនុវត្តកម្មវិធីផ្សព្វផ្សាយ បច្ចេកទេសកសិកម្មថ្មី ធននឹងការប្រែប្រួលអាកាសធាតុ និងពិធីប្រគល់សម្ភារការិយាល័យ និងម៉ូតូជូនដល់មន្ត្រីនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


នាព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានចូលរួមជាអធិបតីក្នុងពិធីបើកការអនុវត្តកម្មវិធីផ្សព្វផ្សាយ បច្ចេកទេស កសិកម្មថ្មី ធននឹងការប្រែប្រួលអាកាសធាតុ និងពិធីប្រគល់សម្ភារការិយាល័យជាម៉ាស៊ីនកុំព្យូទ័រ និងម៉ាស៊ីនបោះពុម្ព ចំនួន ៥សម្រាប់ ព្រមទាំងម៉ូតូចំនួន ៤៤គ្រឿង ជូនដល់មន្ត្រីនៃមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធននឹងការប្រែប្រួលអាកាសធាតុនេះជាកម្មវិធីស្ថិតក្រោមថវិកាជំនួយរបស់ អង្គការIFAD និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងមានគោលដៅជំរុញបរិមាណ ផលិត ផលរបស់កសិករខេត្តស្ទឹងត្រែងចំនួន៤.៦៨៨គ្រួសារឲ្យមានកំណើន១៥% និងមានទ្រព្យសម្បត្តិកើនឡើងបាន ២៥%។

នៅក្នុងពិធីបើកការអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ធននឹងការប្រែប្រួលអាកាសធាតុ ដែលមានការចូល រួមពីសំណាក់ ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំចៅសង្កាត់ទូទាំងខេត្ត មន្ត្រី កសិកម្មក្រុង ស្រុក និងភ្នាក់ងារកសិកម្មឃុំ ប្រមាណជាង១០០នាក់ ឯកឧត្តមអភិបាលខេត្តបានលើក ទឹកចិត្តដល់អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវសហការជាមួយមន្ត្រីបច្ចេកទេសកសិកម្ម និងភ្នាក់ងារកសិកម្មឃុំ សង្កាត់ដើម្បីធ្វើកិច្ចការនេះឲ្យសម្រេចបានតាមគោលដៅគ្រោងទុក និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានការ ប្រសើរឡើង។ ជាពិសេសត្រូវសហការគ្នាក្នុងការរិះរកគ្រប់មធ្យោបាយដើម្បីស្តារជីវភាពប្រជាពលរដ្ឋក្នុងតំបន់ដែល ត្រូវបានទឹកលិចស្រែចំការដែលជាទីពឹងតែមួយគត់របស់ប្រជាពលរដ្ឋក្នុងការចិញ្ចឹមជីវិត។