ឥណ្ឌូនេស៊ីស្វែងរកកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរាដើម្បីចុះអនុស្សារណៈរវាងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Borobudur


ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងឯកឧត្តម ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យលោក Ricky SP Siahaan ប្រធានផ្នែកទីផ្សារនិងសេវាកម្មនៃPT Taman Wisata Candi ដែលគ្រប់គ្រងរមណីយដ្ឋាន Borobudur ប្រទេសឥណ្ឌូនេស៊ី ចូលជួបសំណេះសំណាល ផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងតំបន់បេតិកភណ្ឌពិភពលោករបស់ប្រទេសទាំងពីរ គឺរមណីយដ្ឋានអង្គរ និងរមណីយដ្ឋាន Borobudur។

លោក Ricky SP Siahaan មានប្រសាសន៍ថា លោកពិតជាមានក្តីរំភើបដែលបានមកកាន់ទីនេះ ស្របពេលពេលថ្មីៗនេះ ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុត ធ្វើឡើងតាមរយៈការស្រង់មតិ លើចំណាប់អារម្មណ៍ និងទស្សនៈរបស់អ្នកទេសចររាប់លាននាក់ជុំវិញពិភពលោក ជាចំណុចដែលប្រទេសឥណ្ឌូនេស៊ីចាប់អារម្មណ៍ មានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការណ៍រវាងរមណីយដ្ឋានអង្គរ របស់កម្ពុជានិងរមណីយដ្ឋាន Borobudur របស់ឥណ្ឌូនេស៊ី ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងល្អៗ ដូចជាការអភិរក្សការគ្រប់គ្រង ការអភិវឌ្ឈន៍ សេវាកម្មផ្សេងៗ។ ក្នុងនោះ តាមរយៈកម្មវិធី Twin World Heritage Program ខាងភាគីឥណ្ឌូនេស៊ីមានបំណងបង្កើតកិច្ចព្រមព្រៀងរវាងស្ថាប័នទាំងពីរដើម្បីជម្រុញការផ្សព្វផ្សាយអំពីគ្នាទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន។

ថ្លែងក្នុងជំនួបនោះ ឯកឧត្តម ហង់ ពៅ បានសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូឥណ្ឌនេស៊ីថា នេះមិនមែនជាលើកទីមួយទេដែលអាជ្ញាធរជាតិអប្សរាចែករំលែកបទពិសោធន៍ល្អៗ លើការអភិរក្ស ការជួសជុល ការគ្រប់គ្រងរមណីយដ្ឋានអង្គរដល់បណ្តារប្រទេសផ្សេងៗដែលមានបំណងស្វែងយល់អំពីបទពិសោធន៍ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឈន៍ដោយចីរភាពនៃរមណីយដ្ឋានអង្គរ។

ឯកឧត្តមសង្កត់ធ្ងន់ថា អាជ្ញាធរជាតិអប្សរាពេញចិត្តនឹងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការដែលបម្រើដល់ប្រយោជន៍បេតិកភណ្ឌទាំងមូល។ ម្យ៉ាងទៀតទស្សនៈវិស័យក្នុងការអភិរក្ស និងការអភិវឌ្ឍបេតិកភណ្ឌពិភពលោករវាងប្រទេសទាំងពីរ គឺមានទស្សនវិស័យប្រហាក់ប្រហែលគ្នា ងាយសហការគ្នារីកចម្រើនទៅមុខ និងមានចំណុចពិសេសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និងឥណ្ឌូនេស៊ីក្នុងការអភិរក្សប្រាសាទ ការអភិវឌ្ឍវិស័យទេសចរណ៍។ ឯកឧត្តមបន្ថែមថាជោគជ័យរមណីយដ្ឋានអង្គរមកដល់ពេលនេះ គឺដោយមានការខិតខំ និងសហការណ៍ពីស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗដែលធ្វើការពាក់ព័ន្ធនឹងវិស័យបេតិភណ្ឌ៕