រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយឯកឧត្តម ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកគ្រប់គ្រងការិយាល័យតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ UNDP


នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពហ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបឯកឧត្តម Haoliang Xu ជំនួយការ អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជានាយកគ្រប់គ្រងការិយាល័យតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់ UNDP និងសហការី នៅទីស្ដីការក្រសួង។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ UNDP ដែលបានសហការយ៉ាងស្អិតរមួតជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការសម្រេចបាននូវលទ្ធផលជាច្រើន ជាពិសេសនៅក្នុងវិស័យដំឡូងមី ដែលជាកសិផលធំទីពីរបន្ទាប់ពីស្រូវនៅកម្ពុជា។ ឯកឧត្តម បានវាយតម្លៃខ្ពស់លើឯកទេសរបស់ UNDP នៅក្នុងវិស័យនេះ ដោយកន្លងមក UNDP បានផ្ដួចផ្ដើមរៀបចំជាវេទិកាធុរកិច្ចដំឡូងមីក្នុងគោលបំណងផ្សព្វផ្សាយសក្ដានុពលរបស់វិស័យដំឡូងមីនៅកម្ពុជា ជូនធុរជន និងវិនិយោគិន ព្រមទាំងរៀបចំជាគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមី និងចាប់ដៃជាមួយក្រុមហ៊ុនឯកជន Green Leader បង្កើតជាកិច្ចព្រមព្រៀងថវិការួមក្រោមរូបភាពកិច្ចសហប្រតិបត្តិការវិស័យសាធារណៈ និងឯកជន ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យដំឡូងមីទៅមុខទៀត។

ជាកិច្ចឆ្លើយតប ឯកឧត្តម Haoliang Xu បានឲ្យដឹងថា ឯកឧត្តមពិតជាមានការភ្ញាក់ផ្អើលក្នុងដំណើរទស្សនកិច្ចលើកនេះ លើការអភិវឌ្ឍដ៏លឿនរបស់កម្ពុជា ដោយការអភិវឌ្ឍទាំងនេះបានឆ្លុះបញ្ចាំងពីកំណើនម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពនយោបាយដែលកម្ពុជាទទួលបាន។ ផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ ឯកឧត្តម យល់ថា ការវិនិយោគប្រកបដោយគុណភាពជាកត្តាមួយសំខាន់ដើម្បីជំរុញការអភិវឌ្ឍមួយជំហានទៀត ដោយបង្កើតការងារ ឱកាសថ្មីៗ ដើម្បីទទួលបានកំណើនជាជាបរិយាប័ន្ន និងចេរភាព។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម អង្គការ UNDP និងក្រុមហ៊ុន Green Leader លើវិស័យដំឡូងមី ឯកឧត្តម យល់ថានេះជាគំនិតផ្ដួចផ្ដើមមួយល្អ ដើម្បីទាញយកឯកទេសពី UNDP និងពីក្រុមហ៊ុនឯកជន ដើម្បីជំរុញ និងអនុវត្តន៍គោលនយោបាយដំឡូងមី។ ឯកឧត្តម សង្ឃឹមថាគម្រោងដែល UNDP និង Green Leader បានផ្ដួចផ្ដើមនឹងទទួលបាននូវផ្លែផ្កាជាទីគាប់ចិត្ត។