សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជារកឃើញនូវវិធានការចាំបាច់មួយចំនួន ដើម្បីជួយអន្តរាគមន៍លើកតម្លៃស្រូវរបស់កសិករ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងថា «នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានរកឃើញនូវវិធានការ ចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរាគមន៍ លើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាយ៉ាងតិច២០លានដុល្លារ ដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ»។
Facebook សម្តេចតេជោ ហ៊ុន សែន បានបញ្ជក់ទៀតថា នៅពេលបន្តិចទៀតនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការណ៍លើ ដំណោះស្រាយតម្លៃស្រូវ ដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។
ខាងក្រោមនេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម៖
ដោយសារមួយរយៈពេលកន្លងទៅនេះតម្លៃស្រូវ និងកសិផលរបស់ប្រជាពលរដ្ឋមិនថាតែនៅកម្ពុជាទេ គឺនៅប្រទេសដទៃក៏មានការធ្លាក់ចុះផងដែរ ហើយជាពិសេស មួយរយៈពេលចុងក្រោយនេះគឺតម្លៃស្រូវនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង។
ខ្ញុំបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះកង្វល់របស់ប្រជាពលរដ្ឋ។ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ឋ ដែលបានរៀបចំការប្រជុំរកដំណោះស្រាយលើបញ្ហានេះ។
នៅពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានរកឃើញនូវវិធានការចាំបាច់មួយចំនួន ដើម្បីដាក់ចេញជួយអន្តរាគមន៍ជួយលើកតម្លៃស្រូវរបស់កសិករ ក្នុងនោះរួមទាំងការបញ្ចេញថវិកាយ៉ាងតិច២០លានដុល្លារ ដើម្បីរួមជាមួយទុននៃផ្នែកផ្សេងទៀតដើម្បីគាំទ្រលើតម្លៃស្រូវ ។
នៅពេលបន្តិចទៀតនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចេញសេចក្តីថ្លែងការណ៍លើដំណោះស្រាយតម្លៃស្រូវ ដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។
ទន្ទឹមនឹងវិធានការជាបន្ទាន់នេះ គឺនឹងមានវិធានការរយៈពេលមធ្យម និងរយៈពេលវែង ដើម្បីគាំទ្រដល់វិស័យកសិកម្មកម្ពុជាផងដែរ។ សូមបងប្អូនប្រជាកសិករជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕