ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការទាមទារឱ្យបក្សសង្រ្គោះជាតិរស់ឡើងវិញរបស់ទណ្ឌិត សម រង្ស៊ី គឺជាការស្រមើលស្រមៃដ៏ឆ្គួតលីលា


(ភ្នំពេញ)៖ អ្នកនាំគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានលើកឡើងថា ការទាមទារឱ្យបក្សសង្រ្គោះជាតិរស់ឡើងវិញ និងការទាមទារលក្ខខណ្ឌមួយចំ​នួនទៀតរបស់ទណ្ឌិត សម រង្ស៊ី មេចលនាសង្គ្រោះជាតិ គឺជាការស្រមើលស្រមៃមួយដ៏ឆ្គួតលីលា ដោយសារតែការរំលាយគណបក្សនេះ គឺអនុវត្តទៅតាមច្បាប់របស់កម្ពុជា។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះបានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រ Facebook នៅថ្ងៃទី២៨ ខែសីហានេះ ដោយវាយប្រហារថា ការដោះលែងអ្នកទោសនយោបាយទាំងអស់ និងសកម្មជនគណបក្សសង្គ្រោះជាតិជាង១០នាក់ គឺដោយសារសម្ពាធអន្តរជាតិ។ មិនតែប៉ុណ្ណោះទណ្ឌិតរូបនេះ ក៏ដាក់លក្ខខណ្ឌទាមទារឱ្យរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យគណបក្សសង្រ្គោះជាតិដំណើរការឡើងវិញ ឱ្យថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ១១៨រូប ដែលតុលាការដាក់ទោសនោះ មានសិទ្ធិធ្វើសកម្មភាពនយោបាយ រួមទាំងផ្តល់អ្វីៗដែលគណបក្សសង្រ្គោះជាតិបាត់បង់ត្រឡប់មកវិញផងដែរ។

ឯកឧត្តម សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះថា៖ «អតីតបក្សសាងគ្រោះជាតិ (សង្រ្គោះជាតិ) បានស្លាប់បាត់ទៅហើយ តាមសាលដីកាស្ថាពររបស់តុលាការកំពូលមិនអាចរស់ មកវិញជាដាច់ខាត។ មន្ត្រី១១៨រូបនៃអតីតបក្សប្រឆាំង មិនអាចមកធ្វើសកម្មភាពនយោបាយបានក្នុងរយៈពេលតិចជាង៥ឆ្នាំឡើយ។ បើគ្មានពិរុទ្ធភាពថ្មីទៀតទេ លុះត្រាតែដល់ឆ្នាំ២០២៣តទៅ ទើបអាចធ្វើសកម្មភាពនយោបាយដូចដើមវិញបាន»

អ្នកនាំពាក្យរូបនេះ បានបន្តថា អ្នកដែលបានប្រព្រឹត្តល្មើសច្បាប់​ និងលទ្ធិប្រជាធិបតេយ្យនឹងនៅតែទទួលខុសត្រូវ ចំពោះមុខច្បាប់ដដែល។ តួនាទីនិងតំណែងរបស់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ៥០០៧នាក់នោះ ត្រូវបានបែងចែកតាមគោលការណ៍ច្បាប់អស់ហើយ មិនអាចរស់ឡើងវិញជាដាច់ខាត។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលមានប្រជាពលរដ្ឋចូលរួម ជាង៨៣ភាគរយនោះមិនអាចត្រឡប់ក្រោយវិញជាដាច់ខាត ទោះក្នុងករណីណាក៏ដោយ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា៖ «នៅពេលឃើញការលើកលែងទោសដល់ជនជាប់ចោទ និងទណ្ឌិតមួយចំនួន ដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រកម្ពុជា តាមសំណើរទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បែរជាទណ្ឌិតសម រង្សី ដែលមានទោសជាប់ខ្លួនបានដាក់លក្ខខណ្ឌ មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅវិញ»

ឯកឧត្តម សុខ ឥសាន បានបញ្ជាក់ថា ដូច្នេះការលើកឡើងរបស់ទណ្ឌិត សម រង្សី វាគ្រាន់តែជាការស្រមើស្រមៃ ដេកយល់សប្តិ ដែលមិនអាចក្លាយជាការពិតឡើយនិងជាដាច់ខាត៕