ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា មានតែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មួយរូបគត់ដែលមានបុព្វសិទ្ធស្នើសុំ ព្រះរាជទានទោស ទៅព្រះមហាក្សត្រ


ភ្នំពេញ ៖ បន្ទាប់ពីប្រជាពលរដ្ឋ មានការងឿងឆ្ងល់ ចំពោះការដោះលែងទណ្ឌិតចេញពីពន្ធនាគារ ក្នុងរូប ភាពទ្រង់ទ្រាយធំ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា មានតែ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មួយរូបគត់ដែលមានបុព្វសិទ្ធស្នើសុំ ព្រះរាជទានទោស ទៅព្រះមហាក្សត្រដើម្បីលើកលែងទោសអ្វីមួយ។

ប៉ុន្មានថ្ងៃនេះ មានអ្នកទោសនយោបាយជាច្រើន បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ជួយអន្ដរាគមន៍ ដើម្បីស្នើទៅព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យ មានសេរីភាព រួមមាន៖ លោក គឹម សុខ ,អ្នកស្រី ទេព វន្នី និងមនុស្សមួយចំនួនទៀត, លោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ី ,លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាច ខ្មែរ , លោក អុំ សំអាន អតីតមន្ដ្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ,លោក មាជ សុវណ្ណរ៉ា និងសកម្ម ជន១១នាក់ទៀត ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បានសរសេ រថា “អំណាចរបស់នាយករដ្ឋមន្រ្តីតែមួយគត់ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺមានតែសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មួយរូបគត់ដែលមានបុព្វសិទ្ធ ក្នុងកិច្ចស្នើសុំព្រះរាជទានទោសទៅព្រះមហាក្សត្រ”។

ឯកឧត្តមបន្ដថា ផ្អែកទៅលើអំណាចរដ្ឋ និងការថ្លឹងថ្លែងនៃដំណើរការរដ្ឋដែល រាជរដ្ឋាភិបាលយល់ ឃើញថា ស្ថានភាព សណ្ដាប់ធ្នាប់សាធារណៈ សន្តិភាព និងស្ថេរភាព នៅក្នុងការគ្រប់គ្រង ដែលជាការ ទទួលខុសត្រូវផ្តាច់មុខរបស់រាជរដ្ឋាភិបាលស្ថិតក្នុងការគ្រប់គ្រង និងរក្សាប្រក្រតីភាពរបស់នីតិរដ្ឋ។ លោកថា ផ្អែកទៅលើមូលដ្ឋានគុណធម៌ និងសីលធម៌ របស់សម្តេចតេជោ បានស្នើសុំទៅព្រះមហាក្សត្រ ដើម្បីព្រះរាជទានទោស។

អ្នកនាំពាក្យបញ្ជាក់ថា ជាទម្លាប់ទណ្ឌិតត្រូវបានព្រះរាជទានទោស តាមសំណើររបស់នាយករដ្ឋមន្រ្តី ដែលចេញពីការផ្តល់យោបល់របស់ គណៈកម្មការវាយតម្លៃទៅលើគុណសម្បត្តិ របស់ទណ្ឌិតទាំងអស់ នោះ តែងតែធ្វើឡើង នៅក្នុងពិធីបុណ្យប្រពៃណីជាតិ៕