លោកជំទាវ ព្រំ​ សុភី បានដឹក​នាំ​កិច្ចប្រជុំអន្តរក្រសួងដើម្បី​ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម​ដំបូង


នៅ​ទីស្តីការក្រសួងបរិស្ថាន រសៀល​ថ្ងៃអង្គារ ២​រោច​ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ ព្រំ​ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹក​នាំ​កិច្ចប្រជុំអន្តរក្រសួងដើម្បី​ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម​ដំបូង​ សម្រាប់គម្រោង​បង្កើត​រោង​ចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់​ខែង នៅលើ​ផ្ទៃ​ដី​ទំហំ ១៥​​ហិក​តា ដែល​មាន​ទីតាំង​ស្ថិត​នៅភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ​ របស់រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដែល​បាន​សិក្សា​វាយ​តម្លៃ​ដោយ​ក្រុម​ហ៊ុន​ទី​ប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន។
កិច្ច​ប្រជុំ​នេះ មាន​ការ​ចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួង​បរិស្ថាន តំណាងក្រសួងពាក់ព័ន្ខ រដ្ឋបាល​​រាជ​ធានី​ភ្នំពេញ មន្ទីរ​បរិស្ថាន​រាជ​ធានី​ភ្នំពេញ តំណាង​នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ​តំណាងម្ចាស់គម្រោង និង​ក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន។
កិច្ចប្រជុំនេះ បានសម្រេច​លទ្ធផល​សំខាន់​ៗ​​ដូចខាងក្រោម៖
១.​សូម​កោត​សរសើរ​ដល់​​ម្ចាស់​គម្រោង​ដែល​បាន​ចូល​រួម​អភិវឌ្ឍ​ប្រទេស​ជាតិ ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល
២.​សូម​ឱ្យ​ក្រុម​ហ៊ុនយក​ចិត្ត​ទុក​ដាក់​គ្រប់​គ្រង​សំណល់​រឹង-រាវ​នៅ​ក្នុង​ទីតាំង​គម្រោង​ឱ្យ​បាន​ល្អ​ ស្រប​តាម​វិធាន​ដែលក្រុម​ហ៊ុន​ទី​ប្រឹក្សា​​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​នេះ ជា​ពិសេសការ​ត្រួត​ពិនិត្យ​សារធាតុ​គីមី​នៅ​ក្នុង​សំណល់​ភក់​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​
៣.​សូម​ទទួល​យក​មតិ​យោបល់​របស់​ក្រុម​ការ​ងារ​អ​ន្តរ​ក្រសួង ដែល​ផ្តល់​យោបល់​ឱ្យ​បង្កប់​ទុយោរ​នៅ​ក្រោម​ស្ពានទី​៧ ជៀស​វាង​ជីកផ្តាច់ផ្លូូវជាតិលេខ៦អា ដើម្បីបង្កប់​​ទុយោរ​ឆ្លង​កាត់​
៤.​សូម​ឱ្យ​ក្រុម​ហ៊ុន​ទី​ប្រឹក្សា​បញ្ចូល​បន្ថែម​ក្រប​ខ័ណ្ឌ​ច្បាប់​ដែល​ពាក់​ព័ន្ធ និង​លុប​ចេញ​នូវ​ក្រប​ខ័ណ្ឌ​ច្បាប់​មួយ​ចំនួន​ដែល​មិន​ពាក់​ព័ន្ធ​ចេញ
៥.​សូម​ឱ្យ​ម្ចាស់​គម្រោង​ពង្រីក​​ការ​ផ្តត់​ផ្គង់ និង​ចែក​ចាយ​ទឹក​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរ​តំបន់​គម្រោងផង
៦.​សូម​ឱ្យ​ម្ចាស់​គម្រោង​​គិត​គូរ​អំពី​​​ការ​ពង្រីកផ្លូវនា​ពេល​អនាគត នៅ​ពេល​បង្កប់ទុយយោទឹក
៧.​សូមឱ្យ​ម្ចាស់​គម្រោង និង​ក្រុម​ហ៊ុន​ទី​ប្រឹក្សា​​កែ​សម្រួល​របាយ​ការណ៍​ឡើង​វិញ​ តាម​មតិ​យោបល់​របស់​ក្រុម​ការ​ងារ​នៃ​នាយក​ដ្ឋាន​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន និង​ក្រុម​ការ​ងារ​ដែល​មាន​វត្តមាន​នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរ​​ក្រសួងនេះ។