សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន


នៅវិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោក សុង ថាវ (SONG TAO) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។

នៅក្នុងជំនួបព្រឹកមិញនេះ លោក SONG TAO បានជម្រាបជូនសម្តេចតេជោអំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាពេលនេះគឺនាំសាររបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីសម្ដែងនូវការអបអរសាទរផ្ទាល់ចំពោះជោគជ័យដែលកម្ពុជាទទួលបានពីការបោះឆ្នោតថ្នាក់ជាតិថ្មីៗកន្លងមកនេះ។

ក្នុងនាមរដ្ឋាភិបាលចិនលោក ស៊ុនថាវ បានសំដែងការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជាក៏ដូចជាគាំទ្រចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាដើម្បីឆ្ពោះទៅកាន់ការអភិវឌ្ឍដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនព្រមទាំងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើនផងដែរ។ ជាងនេះទៅទៀតក៏ដើម្បីរក្សាសុខសន្តិភាព និងស្ថិរភាពក្នុងតំបន់បន្ថែមទៀត។

លោក SONG TAO បានបញ្ជាក់សារជាថ្មីផងដែរថាកម្ពុជាគឺជាមិត្តចាស់ មិត្តល្អ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយប្រទេសចិន។ លោក បានបន្តថាកន្លងមកទោះបីមានអ្វីកើតឡើងក៏ដោយក៏ទំនាក់ទំនងនេះនៅតែបន្តយ៉ាងរឹងមាំដដែលហើយគ្មានអ្វីផ្លាស់ប្ដូរឡើយ។ ជាមួយនឹងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៀតនោះ ទំនាក់ទំនងរវាងកម្ពុជាចិនគឺបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ទន្ទឹមគ្នានេះដែរ ក៏មានកិច្ច សន្យា នឹងកិច្ចព្រមព្រៀងជាច្រើនដែលត្រូវបានចុះហត្ថលេខារវាងប្រមុខដឹកនាំនៃប្រទេសទាំងពីរក្នុងការជួយកម្ពុជាអោយកាន់តែរីកចម្រើន។

លោក SONG TAO ក៏បានជម្រាបជូនសម្ដេចទៀតថាដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះគឺដើម្បីជំរុញករអនុវត្តរាល់កិច្ចព្រមព្រៀងទាំងឡាយណាដែលបានចុះហត្ថលេខារួចហើយរវាងសម្ដេចតេជោ និង លោកប្រធានាធិបតី ស៊ី ជីនពីង ធ្វើយ៉ាងណាឲ្យកិច្ចព្រមព្រៀងនោះអនុវត្តសម្រេចបានលទ្ធផល។ លោក ក៏បានគូសបញ្ជាក់ចំពោះមុខសម្តេចតេជោដែរថា ភាគីចិននឹងនៅតែបន្តជួយលើអ្វីដែលជាសេចក្តីត្រូវការរបស់កម្ពុជា។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបំពាក់មេដាយគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ជូន លោក SONG TAO ដែលបានចូលរួមប្រឹងប្រែងជួយ ដលើកម្ពុជា។ សម្តេចតេជោក៏បានអរគុណចំពោះសារដែល លោក ស៊ុន ថាវ ពាំនាំពីឯកឧត្តមប្រធានាធិបតី Xi Jinping ហើយក៏បានធ្វើបទបង្ហាញ ជូនលោក SONG TAO នូវកំណែទម្រង់របស់កម្ពុជាចាប់តាំងពីឆ្នាំ ២០១៣ ដែលបានធ្វើអោយពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ នឹងឈានមកទទួលជោគជ័យនៅក្នុងដំណើរការបោះឆ្នោតថ្នាក់ជាតិកន្លងមក។ ជាមួយនោះដែរសម្តេចតេជោ ក៏បានជម្រាបជូនលោក SONG TAO អំពីស្ថានភាពទូទៅរបស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះមិត្តចិន និងប្រជាជនចិនដែលកន្លងមកតែងតែបានជួយដល់កម្ពុជា និងបានផ្ដល់កិច្ចសហប្រតិបត្តិការល្អដល់កម្ពុជា ជាបន្តបន្ទាប់។ សម្តេចតេជោ ក៏បានជម្រាបទៅមិត្តចិនផងដែរថា នៅខែក្រោយនេះ សម្តេចនឹងអញ្ជើញទៅចូលរួមពិព័ណរចិននៅទីក្រុងណានណិន ប្រទេសចិន ដែលកម្ពុជាជាប្រទេសកិត្តិយសរបស់មិត្តចិន ហើយនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសវោតណាមផងដែរ។ មិត្តចិនរីករាយស្វាគមន៍កម្ពុជា ហើយនឹងបន្តជួយ សម្តេចតេជោ ដើម្បីកសាងអភិវឌ្ឍន៍កម្ពុជាអោយកាន់តែរីកចម្រើន៕