ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរីនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្តនាំយកអំណោយមនុស្សធម៌របស់សាខាចែកជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ជិត៣០០គ្រួសារនៅស្រុកតាវែង


នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែស្រាពណ៍ ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ២០១៨ នេះ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយ ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា លោក លោកស្រី អនុប្រធានសមាជិក សមាជិកាគណៈកម្មាធិការសាខា លោកនាយកសាខា និងលោក លោកស្រី គណៈកម្មាធិការសាខាអនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខា កក្រក ខេត្ត រតនគិរី អំណោយសាលាខេត្តរតនគិរី និងសាលាស្រុកតាវែង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ ចំនួន ២៩៨ គ្រួសារ នៅឃុំ តាវែងលើ និងឃុំតាវែងក្រោម ស្មើនឹង ២០ភូមិ នៃស្រុកតាវែង ខេត្តរតនគិរី។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានបានមានប្រសាសន៍ សំណេះសំណាល និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែគិតគូសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមប្រធានបទ« កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។

ឯកឧត្តមបានបន្តទៀតថា នារដូវស្សានេះសូមអោយបងប្អូន យកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ រស់នៅប្រកបដោយអនាម័យ ត្រូវប្រកាន់ភ្ជាប់នូវ ការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឲ្យបានប្រសើរឡើង។

អំណោយមនុស្សធម៌សរុប រូមមាន៖ អង្ករ ២០ គីឡូ កញ្ចប់ ត្រីខកំប៉ុង អំបិល ប៊ីចេង ១កញ្ចប់ ក្នុងមួយគ្រួួសារ។