លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តចុះថ្លែងអំណរគុណដល់កងកម្លាំងទាំងបីនៅស្រុករំដួល និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្រោយឈ្នះឆ្នោត


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានដឹកនាំក្រុមការងារចុះថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទរួមមាន នគរបាល កងរាជាវុធហត្ថ យោធានៅស្រុករំដួល និង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ។
ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក៏ដូចការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អនៅមូលដ្ឋាន ក៏ដូចជាកិច្ចដំណើរការ​នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី៦នេះរហូត១២៥អាសនៈ។

លោកជំទាវបានបញ្ជាក់ថា ជ័យជំនះទាំងនេះកើតចេញអំពី៖

ទី១. ការចូលរួមរបស់បងប្អូនទាំងអស់គ្នា

ទី២. គណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ ១១ចំណុច ដែលបានបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ តាមរយៈ អភិក្រម មនុស្ស ផ្លូវ ទឹក ភ្លើង ទី៣. អំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិ ។

លោកជំទាវបានបន្តទៀតថា អាណាត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ក្នុងការទាក់ទាញវិនិយោគ រោងចក្រ សហគ្រាសជាច្រើនទៀតឲ្យមាននៅខេត្តខេត្តស្វាយរៀង ដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយ ភាពក្រីក្រ បង្កើនជីវភាព បានមួយកំរិតបន្ថែមទៀត។

លោកជំទាវក៏បានសូមសំណូមពរឲ្យកម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងត្រូវ យកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ៕