សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ


សកម្មភាពការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃ សៅរ៍- អាទិត្យ ៦-៧រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១៨

១/ការិយាល័យកសិកម្មស្រុកចុងកាល់ បន្តសហការជាមួយមន្ទីរធនធានទឹក ចុះអន្តរាគមន៍ បូមទឹកដាក់ស្រែជូនកសិករនៅ ឃុំពង្រ លើចំនួន ម៉ាស៊ីន១៣គ្រឿង ។

២/លោក អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាព ដំណាំស្រូវ នៅក្នុងក្រុងសំរោង ដែលមានសកម្មភាព និងលទ្ធផលដូចខាងក្រោម ៖
*សកម្មភាព
– ចុះពិនិត្យមើលស្ថានភាពរាំងស្ងួតក្នុងសង្កាត់បុស្បូវ បានចំនួន ០៨ភូមិ (ត្របែក, បុស្បូវ, ភ្លង់ចាស់, ភ្លង់ថ្មី,ពងទឹក, ក្រសាំង, ប្រាសាទ និងអូរព្រាល ) ពិនិត្យឃើញថា ស្ថានភាពលូតលាស់ស្រូវមិនល្អទេ ស្លឹកស្រូវឡើងលឿង រួញស្វិត ស្ថានភាពដីស្រែស្ងួត មានសំណើមតិចតួច ព្រោះកម្រិតទឹកភ្លៀងធ្លាក់តិចតួចបំផុត ។
– ចុះពិនិត្យមើលស្ថានភាពស្រូវ នៅក្នុងសង្កាត់បន្សាយរាក់ បានចំនួន ០៧ភូមិ (កំណប់ បន្សាយរាក់, រំដួលវាសនា, សំបួរមាស, អូរបាត់ដាវ ,ពោធិវង្ស និងត្នោត) ពិនិត្យឃើញថា ស្ថានភាពលូតលាស់របស់ដំណាំស្រូវ មានសភាពល្អប្រសើរជាងមុនហើយ ដោយសារមានភ្លៀងធ្លាក់ ទឹកដក់ក្នុងស្រែ កសិករបានបាចជីបំប៉នបណ្ដើរៗ ធ្វើអោយស្រូវលាស់ខៀវជាងមុន ។
*លទ្ធផលសម្រេចបាន
– ចុះពិនិត្យនិងវាយតម្លៃដោយផ្ទាល់ បានចំនួន ២សង្កាត់ ១៥ភូមិ
– សង្កាត់បុស្បូវ ផលប៉ះពាល់ ចំនួន ១៥១៥ហិចតា និងខូចខាត ចំនួន ២២៥ហិចតា ។
– សង្កាត់បន្សាយរាក់ ស្ថានភាពគ្រោះរាំងស្ងួត មានសភាពធូរស្រាលជាងមុន ដោយរងផលប៉ះពាល់សរុប ចំនួន ៣០១៨ ហិចតា និងខូចខាត ចំនួន ១៥១ហិចតា ។(គិតត្រឹម (០១ .០៩.២០១៨)
*ការសន្និដ្ឋាន
យោងតាម ការពិនិត្យ និងវាយតម្លៃដោយផ្ទាល់ ឃើញថា ៖
– ស្ថានភាពគ្រោះរាំងស្ងួត នៅក្នុងសង្កាត់បុស្បូវ ទទួលនូវផលប៉ះពាល់ខ្លាំង ហើយករណី គ្មានភ្លៀងធ្លាក់ ក្នុងរយ:ពេល ៧-១០ទៀតទេ នឹងឈានដល់ការខូចខាតមិនខាន។
– ចំពោះស្ថានភាពគ្រោះរាំងស្ងួត ក្នុងសង្កាត់បន្សាយរាក់ មានភាពប្រសើរឡើងជាងមុនហើយ សភាពលូតលាស់ខៀវឡើងវិញ តែទោះបីយ៉ាងនេះក្ដី ក៏ទិន្នផលចុះថយជាងឆ្នាំមុន មិនខាន ។