យុវជនខ្មែរម្នាក់ ទទួលបានមេដាយឆ្នើមលើជំនាញចុងភៅអាស៊ាន ក្នុងការប្រកួតនៅបាងកក


ក្រសួងទេសចរណ៍ បានដឹកនាំយុវជនកម្ពុជាចំនួន ៥រូប ក្នុងនោះមានជំនាញសេវាកម្មភោជនីយដ្ឋាន ២រូប និងជំនាញចុងភៅ ២រូប ទៅចូលរួមប្រកួតជំនាញអាស៊ានលើកទី១២ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ។ ជាលទ្ធផល យុវជនជំនាញចុងភៅម្នាក់ឈ្មោះ ឡាំ រិទ្ធី ជាសិស្សមកពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប៉្រូល ខេត្តសៀមរាប ទទួលបានជ័យជំនះមេដាយឆ្នើម (Medallion of Excellence) ក្នុងចំណោមបេក្ខជន ២០រូប មកពី ១០ប្រទេស។

បើតាមក្រសួងទេសចរណ៍ ការប្រកួតជំនាញអាស៊ាននេះ ប្រព្រឹត្តទៅរៀងរាល់ ២ឆ្នាំម្ដង ក្នុងគោលបំណងដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន។ បន្ថែមពីនេះ វាសំដៅទៅលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារការងារ និងការប្រែប្រួលនូវបច្ចេកវិទ្យា ក្នុងយុគសម័យបដិវត្តឧស្សាហកម្ម ៤.០។
សូមរំលឹកថា កន្លងមក ក្រសួងទេសចរណ៍ ធ្លាប់បានបញ្ជូនយុវជនកម្ពុជាទៅប្រកួតជំនាញអាស៊ានចំនួន ៣លើក ដោយទទួលបានលទ្ធផល ដូចខាងក្រោម៖

១. ការប្រកួតជំនាញអាស៊ានលើកទី៩ ឆ្នាំ២០១២ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ី៖ កម្ពុជាទទួលបានមេដាយឆ្នើម (Medallion of Excellence) ១រូប លើជំនាញចុងភៅ (សិស្សមកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ)។

២. ការប្រកួតជំនាញអាស៊ានលើកទី១០ ឆ្នាំ២០១៤ នៅទីក្រុងហាណូយ ប្រទេសវៀតណាម៖ កម្ពុជាទទួលបានមេដាយឆ្នើម (Medallion of Excellence) ២រូប លើជំនាញចុងភៅ (សិស្សមកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេស អឺ និងសិស្សមកពីសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ខេត្តសៀមរាប)។

៣. ការប្រកួតជំនាញអាស៊ានលើកទី១១ ឆ្នាំ២០១៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី៖ កម្ពុជាទទួលបានមេដាយឆ្នើម (Medallion of Excellence) ២រូប លើជំនាញសេវាកម្មភោជនីយដ្ឋាន (សិស្សមកពីសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ច ប៉េ អេសអឺ)៕