ជំនួបររវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាមួយនាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី ADB


នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ៣កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអនុញ្ញាឲ្យលោក Mahbub Ahmed នាយកប្រតិបត្តិធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំប្រទេស Afghanistan, Bangladesh, Bhutan, India, Lao PDR, Tajikistan, and Turkmenistan និងសហការីចូលជួបសម្តែងការគួរសម និងស្វែងយល់ពីកិច្ចការប្រតិបត្តិគម្រោងរបស់ ADB នៅកម្ពុជា។

នាឱកាសនេះ លោក Mahbub Ahmed បានកោតសរសើរចំពោះការវិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលសម្រេចបាននាឆ្នាំកន្លងមកក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីគោលបំណងនៃជំនួបនាថ្ងៃនេះគឺទី១-ពិនិត្យនិងវាយតម្លៃលទ្ធផលគម្រោងរបស់ ADB ដែលបានអនុវត្តកន្លងមក ទី២-សិក្សាពីការរីកចម្រើន និងកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ យោងលើទិដ្ឋភាពជាក់ស្តែង លោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននេះ ដែលបានរួមចំណែកលើកកម្ពស់ជីវភាព ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្របានយ៉ាងល្អប្រសើរ។ ទាក់ទងនិងវិស័យកសិកម្ម លោកបានចាប់អារម្មណ៍ និងកោតសរសើរចំពោះការរីកចម្រើនដែលជាចលករមួយជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដោយឡែក វិស័យនេះនៅមានបញ្ហាប្រឈមមួយចំនួនក្នុងនោះគឺការខ្វះខាតលើវិស័យកែច្នៃ ខ្ចប់ផលិតផលកសិកម្ម ដែលទាមទារឲ្យមានការវិនិយោគ និងយកចិត្តទុកដាក់លើការអនុវត្តបច្ចេកទេសសមស្របបន្ថែមទៀតស្របតាមស្តង់ដារទីផ្សារនាំចេញ។

មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះធនាគារអភិវឌ្ឍអាស៊ីដែលកន្លងមកបានជួយគាំទ្រយ៉ាងពេញទំហឹងក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តគម្រោងនានាដែលពាក់ព័ន្ធវិស័យកសិកម្មតាំងពីឆ្នាំ១៩៩២ ដែលមានទឹកប្រាក់សរុបចំនួនជាង ៤៥០ លានដុល្លាសហរដ្ឋអាមេរិក។ ស្តែងចេញពីលទ្ធផលគម្រោងទាំងនោះ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ រួមទាំងវិស័យកសិកម្មផងដែរ។ តាមរយៈលោក Mahbub Ahmed ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថាធនាគារអភិវឌ្ឍអាស៊ីនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀតទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ចំពោះចំណុចដែលបានលើឡើងដោយ លោក Mahbub Ahmed អំពីវិស័យកែច្នៃផលិតផល ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាព ហើយបានបញ្ជាក់ជូនវិញថាបច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាអាទិ៍៖ ផ្លូវគមនាគមន៍ កំពង់ផែរទឹងជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនីក្នុងតម្លៃសមរម្យ និងការគាំទ្រដល់វិស័យ SME ផងដែរ។ ដោយឡែក ក្រសួងបាននិងកំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មកសិកម្ម និងយន្តូបនីយកម្មកសិកម្ម ដើម្បីជួយជំរុញវិស័យកែច្នៃឲ្យមានការរីកចម្រើនទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យធនាគារអភិវឌ្ឍអាស៊ីពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយលើការងារបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងនិងការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព ការចងក្រងនិងអនុវត្តច្បាប់ពាក់ព័ន្ធវិស័យកសិកម្មស្របតាមនិន្នាការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងកំណើនប្រជាជន។ ចំពោះសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី លោក Mahbub Ahmed បានទទួលយកទៅពិនិត្យ ពិចារណា ហើយបានសន្យាថានឹងខិតខំឲ្យអស់លទ្ធភាពលើការងារអភិវឌ្ឍធនធាន មនុស្ស និងការរៀបចំចងក្រងច្បាប់នានាដែលពាក់ព័ន្ធវិស័យកសិកម្ម។