ជំនួបសម្តែងការគួរសមនិងពិភាគ្សាការងារ​ រវាង លោកស្រី Sithy Rizvina de Alwis តំណាងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន​ (UNFPA)ប្រចាំកម្ពុជា​ ជាមួយ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល


នាថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០៤:០០ រសៀល នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអនុញ្ញាតឱ្យ លោកស្រី Sithy Rizvina de Alwis តំណាងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន​ (UNFPA)​ ប្រចាំកម្ពុជា ដែលទើបចូលកាន់តំណែងថ្មីចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។

ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសុខាភិបាល បានសម្តែងការស្វាគមន៍ចំពោះ លោកស្រី Sithy Rizvina de Alwis ដែលត្រូវបានតែងតាំងជាតំណាងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន​ (UNFPA)​ ប្រចាំកម្ពុជា ហើយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ អង្គការ UNFPA ដែលតែងតែផ្តល់ការឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសដល់កម្មវិធី សុខភាពបន្តពូជ សុខភាពមាតា ទារកនិងកុមារ​។
លោកស្រីតំណាងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន​ (UNFPA)​ ប្រចាំកម្ពុជា បានសម្តែងអំណរគុណដល់ក្រសួងសុខាភិបាល ជាពិសេសចំពោះភាពដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែសហការនិងគាំទ្រគម្រោងរបស់អង្គការ UNFPA។ លើសពីនេះ លោកស្រីប្រធានអង្គការ បានជម្រាបជូនថា ការគាំទ្ររបស់អង្គការ UNFPA បានចូលរួមចំណែកក្នុងការកាត់បន្ថយអត្រា មរណៈភាពរបស់មាតា ទារកនិងកុមារ នៅកម្ពុជា ក៏ដូចជាបានធ្វើឱ្យប្រសើរឡើងស្ថានភាពសុខភាពបន្តពូជ ក៏ដូចជាសុខភាពមាតា ទារកនិងកុមារ។ លើសពីនេះទៀត លោកស្រីប្រធានអង្គការ បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី បន្តការគាំទ្រលើគម្រោងផែនការសកម្មភាពប្រចាំប្រទេសរបស់អង្គការ UNFPA​ 2019-2023 ជាបន្តទៀត។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីតំណាងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន​ (UNFPA)​ ប្រចាំកម្ពុជា ហើយក្រសួងសុខាភិបាលត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការគាំទ្រ និងសហការជាមួយអង្គការ UNFPA ដើម្បីឈានទៅសម្រេចឱ្យបានការកាត់បន្ថយអត្រាមរណៈភាពមាតា ទារកនិងកុមារបន្ថែមទៀត និងជាពិសេសធ្វើ ឱ្យប្រសើរឡើងស្ថានភាពសុខភាពបន្តពូជ សុខភាពមាតា ទារកនិងកុមារ។