ប្រជាពលរដ្ឋក្រីក្រនៅខេត្តតាកែវ ចំនួន២២ទទួលបានអំណោយពីក្រុមជំនួយការសម្តេចតេជោ


នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ពោលគឺតែប៉ុន្មានថ្ងៃមុនដំណាច់ឆ្នាំ២០១៥ លោក ខាត់ សុគន្ធី តំណាងក្រុមជំនួយការសម្តេចតេជោ បានដឹកនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នូវ មីយើង ចំនួន៤៤កេស និងទឹកស៊ីអ៊ីវ ចំនួន២៤យួរ ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន២២គ្រួសារ នៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ដែលមួយគ្រួសារៗ ទទួលបាន មីយើង ចំនួន ២កេស និងទឹកស៊ីអ៊ីវ ចំនួន ១យួរ។
ក្នុងឱកាសចែកអំណោយជូនប្រជាពលរដ្ឋទីទាល់ក្រទាំង២២គ្រួសារនោះដែរ លោក ខាត់ សុគន្ធី ក៏បានយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកដល់កុមារសាលាមត្តេយ្យ ចំនួន៣០នាក់ សៀវភៅសរសេរចំនួន១២០ទំព័រ ចំនួន៦០ក្បាល, ខ្មៅដៃ ៦០ដើម និងស្ករដើម Mikata ចំនួន ៦០ដើម។ លោក ខាត់ សុគន្ធី ក៏បាននាំសេចក្តីនឹករលឺក និងទឹកចិត្តស្រឡាញ់របស់សម្តេចតេជោ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាមួយនឹងសណ្តានចិត្តសប្បុរសធម៌ដល់ប្រជាពលរដ្ឋទីទ័លក្រ និងក្មួយៗ ចៅៗសិស្សសាលាមត្តេយ្យ។ លោកបានបន្តថា សម្តេចប្រមុខរាជរដ្ឋាភិបាល តែងតែនឹករលឹក គិតគូរដល់ជីវភាព សុខទុក្ខប្រជាពលរដ្ឋខ្មែរទូទៅ និងជាពិសេសគិតដល់ការខ្វះខាតរបស់ពុកម៉ែ បងប្អូន ជាមួយទឹកចិត្តព្រហ្មវិហារធម៌។
ក្នុងចេតនាដ៏ល្អនេះ ក្រុមជំនួយការសម្តេចតេជោ ទទួលធុរកិច្ចបំពេញបេសកកម្មដើរចែកអំណោយផ្ទាល់ដៃដោយឈរលើឧត្តមគតិនៃវប្បធម៌ចែករំលែក ជាមួយនឹងគោលការណ៍ “ប្រជាពលរដ្ឋមូលដ្ឋាន ស្វែងរកដោយខ្លួនឯងនូវគ្រួសារទីទ័លក្រ” ជាក់ស្តែងនៅតាមភូមិឃុំដោយផ្ទាល់ ជាពិសេសទៅទៀតបេសកកម្មរបស់យើង គឺឈរលើគោលការណ៍មិនរើសអើងពណ៌សម្បុរនយោបាយឡើយ។
បេសកកម្មនេះ សម្តែងជូនប្រជាពលរដ្ឋខ្មែរ មើលឃើញនូវចិត្តសប្បុរសធម៌គំរូរបស់សម្តេចតេជោ ក្នុងកាយវិការគំរូចង់ពង្រឹងសេចក្តីស្រឡាញ់រាប់អានគ្នា ជាភាតរៈក្នុងរង្វង់មហាគ្រួសារខ្មែរដោយលើកកំពស់វប្បធម៌នៃការជួយយកអាសារគ្នា ដែលជាប្រពៃណីជាយូរលង់មកហើយ របស់ដូនតាខ្មែរ។ ប្រជាពលរដ្ឋបានសម្តែងការពេញចិត្តរីករាយ និងថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ជាមួយគ្នានេះ កម្មវិធីនេះក៏បានផ្តល់ឱកាសច្រើនដល់ក្រុមជំនួយការសម្តេចតេជោ បានសំណេះសំណាលស្វែងដឹង និងយល់ពីទស្សនៈប្រជាពលរដ្ឋអំពីសុខទុក្ខពិតប្រាកដនៅមូលដ្ឋាន៕

Samdach Techo  (4)

Samdach Techo  (3)

Samdach Techo  (2)