នាព្រឹកថ្ងៃសៅរ៍ ០៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការតាមមន្ទីរ អង្គភាពជ៉ំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក ក្រុមហ៊ុន អាជីវករ ព្រះសង្ឃ ប្រជាពលរដ្ឋ យុវជន ទូទាំងខេត្តស្វាយរៀង បានធ្វេីពលកម្ម សម្អាតបរិស្ថាន តាមមន្ទីរ អង្គភាព ទីសាធារណៈ តាមដងផ្លូវ ទីប្រជ៉ំជន លំនៅដ្ឋាន ដេីម្បីអបអរសាទរ ទិវាសម្អាតអនាម័យពិភពលោក ១៥ កញ្ញា ក្រោមប្រធានបទ (រួមគ្នាដើម្បីពិភពលោកស្អាត) ក្នុងន័យចូលរួមធ្វេីឱ្យខេត្តស្វាយរៀងកាន់តែមានសោភ័ណភាព អនាម័យ ផាសុខភាព ជាកន្លែងចង់រស់នៅ ជាពិសេសស្របពេលដែលរដ្ឋបាលខេត្តស្វាយរៀង បានជំរុញរៀបចំកែលម្អសោភ័ណភាពក្នុងខេត្តដូចជាច្រាំងទន្លេវ៉ៃគោ ផ្លូវសាធារណៈ កន្លែងកម្សាន្ត រួមទាំងកន្លែងរមណីដ្ឋានទេសចរណ៍ព្រៃបាសាក់ជាដើម ។
សូមជម្រាបជូនផងដែរថា ប្រជាពលរដ្ឋប្រមាណជាង ២០ លាននាក់ នាថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងបណ្ដាប្រទេស ១៥០ លើពិភពលោករួមទាំងកម្ពុជាផងដែរ នាំគ្នារៀបចំទិវាសម្អាតអនាម័យពិភពលោកក្រោមប្រធានបទ «រួមគ្នាដើម្បីពិភពលោកស្អាត» ខណៈដែលសំរាមនៅតែត្រូវបានគេបោះចោលពាសវាលពាសកាលនៅតាមទីសាធារណៈនានា ។ ជាមួយនេះដែរ ក្រសួងបរិស្ថាន បានចេញសារាចរណែនាំដល់គ្រប់បណ្ដាមន្ទីរ ស្ថាប័ន និងអង្គភាពរួមទាំងបុគ្គលពាក់ព័ន្ធទាំងអស់ចូលរួមបញ្ឈប់ការបោះចោលសំរាម និងកាកសំណល់គ្រប់ប្រភេទពាសវាលពាសកាល ដោយទាមទារឲ្យមានការបែងចែក និងវេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ មិនតែប៉ុណ្ណោះបានដាក់ចេញនូវការផាកពិន័យយ៉ាងធ្ងន់ធ្ងរផងដែរដល់ជនទាំងឡាយណាដែលបន្តបោះចោលសំរាមដោយឥតសណ្ដាប់ធ្នាប់លើទីសាធារណៈ ៕