អគារស្នាក់នៅសម្រាប់លោកគ្រូ អ្នកគ្រូចំនួន ០១ខ្នង ស្មើនឹង ០៥បន្ទប់ និងរបងសាលាបឋមសិក្សាចំការស្វាយ​ នៅភូមិចំការចេក​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អើរ​ ខេត្តកែប​ ត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ​


ខេត្តកែបៈ​ នាព្រឹកថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម​ បានអញ្ជើញជាគណអធិបតីក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅអគារស្នាក់នៅសម្រាប់លោកគ្រូ អ្នកគ្រូចំនួន០១ខ្នង ស្មើនឹង ០៥បន្ទប់ និងរបងសាលាបឋមសិក្សាចំការស្វាយ​ នៅភូមិចំការចេក​ ឃុំពងទឹក​ ស្រុកដំណាក់ចង្អើរ​ ខេត្តកែប​ ។
ពិធីក៏មានការអញ្ជើញចូលរួមដោយ​ ឯកឧត្តម​ កែន​ សត្ថា​ អភិបាលនៃគណអភិបាលខេត្ត​ លោក​ លោកស្រីអភិបាលរងខេត្ត​ ប្រធានមន្ទីអង្គភាពជុំវិញខេត្ត​ ក្រុង​ ស្រុក​ មន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ព្រះសង្ឃ​ សិស្សានុសិស្ស​ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ​ ។

ឯកឧត្តម​ កិត្តិសេដ្ឋាបណ្ឌិត​ បានមានប្រសាសន៍ថា​ រាជរដ្ឋាភិបាល​ អាណត្តិទី៦​ ដែលដឹកនាំដោយ​ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ យកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍សមត្ថភាព​ គុណភាព​ នៃការអប់រំ​ ទៅលើមនុស្សគ្រប់វ័យ​ ។

ឯកឧត្តម​បានបន្ថែមទៀតថា​ សមិទ្ធផលដែលនឹងសម្ភោធដាក់អោយប្រើប្រាស់នាពេលនេះ​ នឹងបម្រើរអោយផលប្រយោជន៍រួម​ មិនប្រកាន់និន្នាការនយោបាយនោះទេ​ ជាពិសេសដើម្បីអោយកុមារ​គ្រប់រូប​បានទទួល​សេវា​អប់រំ​ បាន​ចូលរៀន​នៅ​បឋមសិក្សា​ មធ្យមសិក្សា​ទុតិយភូមិ​ និង​មាន​ឱកាស​បន្ត​ការសិក្សា​ទៅ​មុខ​ទៀត​។​ ម្យ៉ាងទៀត​ ដើម្បីបង្កើន​ចំនួន​កុមារ​និង​យុវជន​ ឱ្យ​ទទួល​បាន​ការអប់រំ​នៅ​គ្រប់​កម្រិត​ លោកគ្រូ​ អ្នកគ្រូ​ត្រូវ​ផ្តោត​លើសមធម៌​ និងបែងចែក​ក្រុម​កុមារ​ជួប​ការ​លំបាក​អោយបានច្បាស់លាស់​សម្រាប់បង្ករលក្ខណៈ​ និងបង្កើន​ឱកាស​ដល់​សិស្ស​ដែល​មិនមានឱកាសចូលរៀន​ អោយចូលរៀនបានគ្រប់គ្នា​ ។