ឯកឧត្ដម ត្រាំ អ៊ីវតឹក អញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារជនរងគ្រោះដោយសារទឹកជំនន់សរុបចំនួន ៧៩០គ្រួសារ ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង


ព្រឹកថ្ងៃអាទិត្យ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុសនិងស្រុកកំពង់លែង បានអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់គ្រួសារជនរងគ្រោះដោយសារទឹកជំនន់សរុបចំនួន ៧៩០គ្រួសារ ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនេះ ឯកឧត្ដម ត្រាំ អ៊ីវតឹក បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ និងដោះស្រាយការលំបាកខ្វះខាតរបស់ជនរងគ្រោះទូទាំងប្រទេស ដែលរងគ្រោះដោយគ្រោះធម្មជាតិ និងឧប្បទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព។ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរតាមទូកក្នុងរដូវនេះ ជាពិសេសក្មេងៗតូចៗ សូមណែនាំអប់រំកុំឲ្យលេងទឹកដែលអាចបង្ករគ្រោះថ្នាក់ ជាពិសេសត្រូវមានអនាម័យ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ថែមទៀតពីការយាយីរបស់ពពួកសត្វអាសិរពិសនានាផងដែរ។

នៅក្នុងឱកាសនេះដែរ ឯកឧត្ដម ត្រាំ អ៊ីវតឹក និងប្រតិភូអមដំណើរ បានអញ្ជើញចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៧៩០គ្រួសារ ដែលទទួលរងគ្រោះដោយទឹកជំនន់ស្ថិតនៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ និងថវិកា២ម៉ឺនរៀល៕