ក្រសួងបរិស្ថានពង្រឹងលើការគ្រប់គ្រងតម្លៃកម្រងសេវាសាធារណៈ ដើម្បីប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាននៅកម្ពុជា


នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃច័ន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំតម្លៃកម្រងសេវាសាធារណៈរបស់ក្រសួងបរិស្ថានឡើងវិញ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋានមន្រ្តីពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រង និងកំណត់គម្រោងសេវាថ្មី កំណត់តម្លៃប្រភេទសេវា និងចំណូលរបស់ក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានជំរុញដល់អគ្គនាយកដ្ឋានពាក់ព័ន្ធ កំណត់ ប្រភេទចំណូលឱ្យបានច្បាស់លាស់ដើម្បីគ្រប់គ្រងតម្លៃសេវាដែលជាផ្នែកមួយសំខាន់ចូលរួមលើការគ្រប់គ្រងវិស័យបរិស្ថានបានល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម ណែនាំដល់មន្រ្តីទាំងអស់ត្រូវអនុវត្តតាមបែបរដ្ឋបាលទំនើប និងត្រូវអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួន ទៅតាមជំនាញ ក៏ដូចជាចូលរួមគិតគូរ ក្នុងការចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិអោយមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន ដាក់ឱ្យអនុវត្តន៍គម្រោងសេវាថ្មីៗមួយចំនួនគឺមានការពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រង តំបន់ការពារធម្មជាតិ ដូចជាការគ្រប់គ្រប់សំរាម សំណល់រឹង បរិក្ខាបច្ចេតទេស និងអេឡិត្រូនិច ថង់ប្លាស្ទិក និងការគ្រងគ្រងប្រព័ន្ធលូ ប្រពឹត្តកម្មទឹកកខ្វក់ ជាដើម។

ជាមួយគ្នានេះ គ្រប់បណ្តាអង្គភាព ដែលពាក់ព័ន្ធទៅនឹងការរកចំណូលថវិការបស់ក្រសួងបរិស្ថាន ត្រូវធ្វើបច្ចុប្បន្នភាពអំពីប្រភេទ សេវាថ្មី និងកំណត់តម្លៃសាធារណៈរបស់ខ្លួនឡើងវិញ ដោយធ្វើការគិតគូរគ្រប់ជ្រុងជ្រោយ តាមលំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឱ្យការគ្រប់គ្រងវិស័យបរិស្ថានមានប្រសិទ្ធភាព៕