លោកប្រធានវេជ្ជបណ្ឌិត​ថ្មី នៃមន្ទីរពេទ្យគន្ធបុប្ផា​ បានចូលជួបសម្តែងការគួរសមជាមួយ​ ឯកឧត្តមបណ្ឌិត​ អភិបាលខេត្តសៀមរាប


នៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត បានអនុញ្ញាតឲ្យលោកវេជ្ជបណ្ឌិត Peter Studar ប្រធានថ្មីនៃមន្ទីរពេទ្យគន្ធបុប្ផា ចូលជួបសម្តែងការគួរសម ក្នុងនាមប្រធានថ្មីជំនួសលោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានទទួលមរណៈ កាលពីថ្ងទី០៩ កញ្ញា ឆ្នាំ២០១៨ នៅប្រទេសស្វីស ។

ក្នុងនោះដែរលោកវេជ្ជបណ្ឌិត ក៏បានសម្តែងការ​សប្បាយចិត្ត នៅពេលដែលមន្ទីរពេទ្យរៀបចំពិធីបុណ្យ ហើយបុគ្គលិកពេទ្យ ទាំងអស់ ធ្វើការទាំងស្មារតីគោរពចំពោះលោកវេជ្ជបណ្ឌិត Beat Richner ទៀតផង ។ លោកក៏បានលើកឡើងពី ទស្សនៈរបស់លោក ក៏ដូចលោកវេជ្ជបណ្ឌិត Beat Richner ចង់ឲ្យមន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការដោយប្រជា ជនកម្ពុជា គ្រូពេទ្យកម្ពុជា ទោះបីអវត្តមានរបស់លោកវេជ្ជបណ្ឌិត Beat Richner រយៈពេល១៦ខែ ក៏នៅតែដំណើរ ការទៅបានល្អ ព្រមទាំងមានអ្នកជម្ងឺកើនជាងឆ្នាំមុខ១៥%ទៀតផង។ ក្នុងនោះលោកសប្បាយចិត្តដែលបានឃើញ ការប្តេជ្ញារបស់បុគ្គលិកពេទ្យទាំងអស់ របស់មន្ទីរពេទ្យគន្ធបុប្ផា ទោះបីអវត្តមានរបស់លោកវេជ្ជបណ្ឌិត Beat Richner គឺមន្ទីរពេទ្យនៅតែដំណើរការបានល្អ ។

ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង នូវការបាត់បង់វេជ្ជបណ្ឌិត ដែលមានទឹកចិត្តដ៏សប្បុរសធម៌ចំពោះកុមារកម្ពុជា ដែលធ្វើឲ្យប្រជាជនកម្ពុជានូវនឹកអាឡោះអាល័យ ចំពោះលោកវេជ្ជបណ្ឌិត Beat Richner ដែលប្រជាជនកម្ពុជាបានដាក់ឈ្មោះ ជាគ្រូពេទ្យទេវតា ។ ឯកឧត្តមក៏បានលើកផងដែរ ក្នុងពេលកន្លងមក ដើមី្បឲ្យមន្ទីរពេទ្យនេះដំណើរការទៅបាន រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបំផុសចលនាមួយ ដើមី្បកៀងគរប្រមូលនូវមូលនិធិ ក្នុងការទ្រទ្រង់សកម្មភាពព្យាបាលកុមារ នៃមន្ទីរពេទ្យគន្ធបុប្ផា ។ ម៉្យាងទៀតនៅ រៀងរាល់ឆ្នាំកាកបាទក្រហមកម្ពុជា ក៏ដូចសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកថវិកាសប្បុរសធម៌ ប្រគល់ ជូនមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ បានធ្វើបុណ្យផ្កាប្រាក់ ដើមី្បប្រមូលនូវបច្ច័យយកមក ទ្រទ្រង់មន្ទីរពេទ្យ ។ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ថា សម្តេចនៅតែបន្តទ្រទ្រង់ដល់មន្ទីរពេទ្យគន្ធបុប្ផា ឲ្យនៅតែដំណើរការដូចកាលដែលលោកវេជ្ជបណ្ឌិត Beat Richner នូវមានជីវិត ទាំងបរិមាណ និង គុណភាព មិនឲ្យបាត់រូបរាងឡើយ ។ ឯកឧត្តមបណ្ឌិតក៏ បានថ្លែងអំណរគុណ និង កោតសរសើរ ចំពោះស្មារតីរបស់គ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានខិតខំយកចិត្ត ទុកដាក់ក្នុងការពិនិត្យ ព្យាបាលជម្ងឺកុមារ និង ស្ត្រី មកគ្រប់ពីបណ្តាខេត្តនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមក៏ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត គឺនៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យ ឲ្យដំណើរការដូចកាល ដែរលោកវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិកមន្ទីរពេទ្យ ព្រមទាំងបានធ្វើការស្វាគមន៍ចំពោះ លោកវេជ្ជបណ្ឌិត Peter Studar ដែលបានមកទទួលភារកិច្ចថ្មីនៅកម្ពុជា ដើមី្បអនាគតកុមារកម្ពុជាទៀតផង ៕