សម្ដេចផ្ដល់រង្វាន់មួយចំនួន ដល់សិស្សបាក់ឌុបនិទ្ទេស A ទាំង ៤០៥នាក់


សម្ដេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយសិស្សឆ្នើមនិទ្ទេស A ទាំង ៤០៥នាក់ ក្នុងសម័យប្រឡងបាក់ឌុប២០១៦ នៅវិមានសន្តិភាពកាលពីព្រឹកមិញនេះ ហើយប្រកាសផ្ដល់រង្វាន់ Samsung Tablet ម្នាក់ៗមួយគ្រឿង ភ្ជាប់ស៊ីមកាតប្រើអ៊ីនធឺណិតអត់គិតថ្លៃ ៣ខែ(អំណោយចូលរួមពីឧកញ៉ា លាង ឃុន) កាក់ប្រាក់អនុស្សាវរីយ៍១ និងថវិកា ២លានរៀល។
 
ចំពោះនាយកសាលាដែលមានសិស្សជាប់និទ្ទេស A ទទួលបានកាក់ប្រាក់អនុស្សាវរីយ៍១ និងថវិកា ១លានរៀល។ ចំណែកវិទ្យាល័យដែលមានសិស្សជាប់និទ្ទេស A ទទួលបានថវិកាឧបត្ថម្ភពីសម្ដេច ហ៊ុន សែនចំនួន ៣លានរៀល។
 
សិស្សបាក់ឌុបប្រឡងជាប់និទ្ទេស A សម្រាប់បាក់ឌុបឆ្នាំ២០១៦ នេះ មានចំនួន ៤០៥នាក់ ក្នុងចំណោមបេក្ខជនប្រលងសរុប ៨៩ ៦៦១នាក់នៅទូទាំងប្រទេស។ សម្រាប់បេក្ខជនដែលទទួលបាននិទ្ទេស B មានចំនួន ២ ៨០១ និទ្ទេស C មានចំនួន ៥ ៥៩៥ នាក់ និទ្ទេស D មានចំនួន ៨ ៨៣៥ នាក់ និងនិទ្ទេស E មានចំនួន ៣៨ ១១៧ នាក់។
គួររំលឹកថា សិស្សជាប់និទ្ទេស A ឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំមុន ដែលឆ្នាំមុនមាន ១០៨នាក់។ តាំងពីមានកំណែទម្រង់ស៊ីជម្រៅលើការប្រលងបាក់ឌុបមក សម្តេចហ៊ុនសែន តែងធ្វើការជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ព្រមទាំងផ្ដល់រង្វាន់លើកទឹកចិត្តផងដែរ។
សិស្សនិទ្ទេស A ទាំង១០៨នាក់ក្នុងឆ្នាំ២០១៥ បានទទួលទឹកប្រាក់លើកទឹកចិត្ត ដែលបេក្ខជនម្នាក់ៗចំនួន ២លានរៀល Samsung Tablet ម្នាក់ៗមួយគ្រឿង កាក់ប្រាក់អនុស្សាវរីយ៍ និងសៀវភៅអនុស្សាវរីយ៍មួយក្បាលផងដែរ។ ចំណែកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ គឺអាស្រ័យទៅលើសាកលវិទ្យាល័យក្នុងប្រទេស។
 
ចំណែកក្នុងឆ្នាំ២០១៤ ដែលជាឆ្នាំកំណែទម្រង់រឹតបន្តឹងលើការប្រឡងលើកដំបូង សិស្សដែលទទួលបាននិទ្ទេស A មាន ១១នាក់ប៉ុណ្ណោះ។ ពេលនោះ សម្តេចតេជោ បានប្រកាសឧបត្ថម្ភក្នុងម្នាក់ៗទទួលបាន ម៉ូតូ១គ្រឿង កុំព្យូទ័រយូរដៃ ១គ្រឿងតម្លៃ ១២៥០ដុល្លា និង iPad ១គ្រឿង។ សម្តេចតេជោ ក៏បានផ្ដាំឲ្យឯកឧត្តម ហ៊ុន ម៉ានី ជួយរៀបចំផ្ដល់អាហារូបករណ៍ពិសេសរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះយុវសិស្សទាំង ១១រូប។ នៅពិធីជួបសំណេះសំណាលនោះ សម្ដេចបានឧបត្ថម្ភថវិកាផ្ទាល់ ក្នុងម្នាក់ថវិកា ១ ០០០ដុល្លារ និង ២ ០០០ដុល្លារទៀតបានមកពីការជួយឧបត្ថម្ភពីសំណាក់សប្បុរសជននានា៕

hun-sen