រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញមន្ត្រីពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់


(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ខិតខំពង្រឹងការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលជាឯកសារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីៗ ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកសំណើនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រសួងពាណិជ្ជកម្ម សម្រាប់អណត្តិទី៦ នៃរាជរដ្ឋាភិបាល ដែលរៀបចំឡើងនៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃពុធ ទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីផ្សព្វផ្សាយអំពីខ្លឹមសារនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងប្រកាសសមាសភាពថ្នាក់ដឹកនាំថ្មី របស់ក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសាវតាសង្ខេប និងសមិទ្ធផលផ្នែកសង្គមសេដ្ឋកិច្ច ដែលជាផ្លែផ្កានៃការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំងបីដំណាក់កាល និងខ្លឹមសាររួមរបស់យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយ សម្រាប់ជំរុញការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ដើម្បីកំណើនការងារ និងសមធម៌ ឆ្ពោះទៅរកចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងជាមគ្គុទេសសម្រាប់តម្រង់ទិសសកម្មភាព របស់គ្រប់តួអង្គទាំងអស់នៃរាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមក រាជរដ្ឋាភិបាលបានកំណត់យកឤទិភាពចំនួន ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ដើម្បីជំរុញការអភិវឌ្ឍប្រទេស ដែលលំដាប់នៃឤទិភាពទាំងអស់នេះ ត្រូវបានផ្លាស់ប្តូរទៅតាមដំណាក់កាលនីមួយៗនៃយុទ្ធសាស្ត្រចតុកោណ។ សម្រាប់នីតិកាលទី ៦នេះ រាជរដ្ឋាភិបាល បន្តផ្តោតការយកចិត្តទុកដាក់លើវិស័យឤទិភាពទាំង ៤ ដដែល ដោយតម្កល់ «មនុស្ស» ជាឤទិភាពទី១ វិញ។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីការងារអាទិភាព ដែលក្រសួងពាណិជ្ជកម្មត្រូវបន្តអនុវត្តន៍​ ដើម្បីពង្រឹងសមត្ថភាពកម្ពុជា សំដៅជំរុញការធ្វើសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេសការត្រៀមខ្លួន សម្រាប់ទប់ទល់ផលប៉ះពាល់នានា ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក។

សូមជម្រាបថា នៅមុំទី២ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ស្តីពីការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងភាពប្រកួតប្រជែង ក្រសួងពាណិជ្ជកម្ម នៅតែដើរតួយ៉ាងសំខាន់ ដើម្បីសម្រេចបាននូវគោលដៅដែលមានចែងនៅក្នុងមុំទី៣ ស្ដីពីការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងការចាប់យកបដិវត្តន៍ឧស្សាហកម្មទី៤ ជាពិសេសលើការងារជំរុញ និងការបង្កើតមូលដ្ឋានគតិយុត្តគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថល តួយ៉ាងដូចជា៖ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-Commerce) ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ និងវិសោធនកម្មច្បាប់ ព្រមទាំងបទបញ្ញត្តិពាក់ព័ន្ធ ដែលគាំទ្រ និងជំរុញការរីកចម្រើន និងការពារហានិភ័យនៅក្នុងវិស័យនេះ៕