គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា បានអញ្ជើញចុះជួបប្រជុំការងារជាមួយនឹងអាជ្ញាធរស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធ នៅសាលាស្រុកសាលាក្រៅ ខេត្តប៉ៃលិន


នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបប្រជុំការងារជាមួយនឹងអាជ្ញាធរស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធ នៅសាលាស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងដំណើរចុះបេសកកម្មរបស់គណៈកម្មការទី២ព្រឹទ្ធសភា នាឱកាសនេះ ក្នុងគោលបំណងស្តាប់ការបង្ហាញអំពីភាពងាយស្រួល ការលំបាក បទពិសោធន៍ បញ្ហាប្រឈម និងសំណូមពរ ដែលរួមមាន៖ ទី១-ការរៀបចំកសាងថវិកាថ្នាក់ក្រោមជាតិ និងការប្រមូលចំណូល និងចាត់ចែងចំណាយ ទី២-ការធ្វើផែនការ និងការអនុវត្តផែនការអភិវឌ្ឍឃុំ សង្កាត់ និងផែនការសមាហរណកម្មថ្នាក់ក្រុង ស្រុក ទី៣-ការធ្វើផែនការ និងការអនុវត្តផែនការហិរញ្ញវត្ថុ និងការប្រមូលចំណូល ទី៤-ការធ្វើសវនកម្មលើការអនុវត្តថវិកាថ្នាក់ក្រោមជាតិ ទី៥-ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ទី៦-ការងាររដ្ឋបាល និងការអនុវត្តបទបញ្ហាផ្ទៃក្នុងនៃក្រុមប្រឹក្សាគ្រប់ថ្នាក់ និងទី៧-បូកសរុបគម្រោងផែនការអភិវឌ្ឍមូលដ្ឋាន និងទិសដៅការងារបន្តផងដែរ។