ឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញបញ្ចុះបឋមសិលាកសាងកុដិឈើ១ខ្នង ប្រគេនព្រះសង្ឃ នៅវត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងត្បូង ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប


ថ្ងៃចន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញបញ្ចុះបឋមសិលា កសាងកុដិឈើ១ខ្នង ប្រគេនព្រះសង្ឃនៅឥន្ទបត្តបុរី ហៅវត្តអង្គរខាងត្បូង ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់ នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់ក្រសួង សាធារណការ និងដឹកជញ្ជូន ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ។

ការកសាងកុដិឈើក្នុងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ដ្រដ៏អស្ចារ្យនេះ ត្រូវបានផ្តួចផ្តើមឡើងដោយទឹកចិត្ត សទ្ធាជ្រះថ្លាមុតមាំក្នុងព្រះពុទ្ធសាសនារបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា ដែលនឹងបន្សល់ទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របន្តទៀតសម្រាប់មនុស្សជំនាន់ក្រោយ។

កុដិឈើនេះមានប្រវែង ១២ម៉ែត្រ x ២១ម៉ែត្រ កំពស់១០,៦ ម៉ែត្រ ដោយផ្នែកខាងក្រោមធ្វើអំពីបេតុង ខាងលើធ្វើពីឈើ ក្នុងលក្ខណៈរចនាបថវប្បធម៌ខ្មែរបុរាណសុទ្ធសាធ ដែលរក្សានូវសោភ័ណភាព និង គុណភាពសំណង់នៅក្នុងរមណីយដ្ឋានបុរាណប្រវត្តិសាស្ដ្ររបស់យើងផងដែរ។

គូសបញ្ជាក់ផងដែរថា៖ វត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងត្បូង ជាវត្តដែលមានវ័យចំណាស់មួយនៅក្នុង ប្រវត្តិសាស្ដ្រ ស្ថិតនៅប៉ែកខាងជើងក្រុងសៀមរាប វត្តនេះមានឈ្មោះដើមហៅថា៖ “អង្គរវត្ត” ដែលមាន ព្រះសង្ឃគង់នៅតាំងពីឆ្នាំ១៤៣២ រហូតដល់ឆ្នាំ១៩១០ ទើបរដ្ឋអំណាចបារាំងសុំនិមន្តព្រះសង្ឃឱ្យចេញពី ប្រាសាទអង្គរវត្ត។

វត្តនេះចាប់ផ្តើមកសាងឡើងវិញឆ្នាំ១៩២១ ប៉ុន្តែក៏ត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យខ្មែរក្រហម។ ក្រោយថ្ងៃរំដោះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ព្រះពុទ្ធសាសនាចាប់ផ្តើមរស់ឡើងវិញ ហើយវត្តក៏ចាប់ផ្តើមមាន ព្រះសង្ឃមកគង់នៅជាបន្តបន្ទាប់ និងចាប់ផ្តើមកសាងសមិទ្ធផលនានាសម្រាប់ជាទីសក្ការៈបូជា ដែល បច្ចុប្បន្នមានសាលាឆាន់១ខ្នង កុដិថ្ម១ខ្នង កុដិឈើ១ខ្នង បង្គន់អនាម័យ និងធម្មត្រ័យ១ខ្នង។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំយកអំណោយចែកអំណោយជូនតាជីយាយជីចំនួន ១៥០នាក់ ដែលម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀល ព្រមទាំងអញ្ជើញរាប់បាត្រ ផងដែរ។