សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអនុញ្ញាត ឲ្យប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៌កម្ពុជាចូលជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូសមាគមនាវាយុវជនអាស៊ី អាគ្នេយ៌កម្ពុជា ដឹកនាំដោយលោក ស្រ៊ាន គឹមលី ប្រធានប្រតិភូ និងជាប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៏កម្ពុជា ចូលជួបសម្តែងការគួរសម និងទទួលដំបូន្មាន នៅវិមានរដ្ឋសភា មុនពេលចេញដំណើរទៅចូលរួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៌ និងជប៉ុន លើកទី៤៥ នាពេលខាងមុខនេះ។

ក្នុងនាមរដ្ឋសភាសម្តេចពិតជាមានសេចក្តីសោមន្សរីករាយ និងសូមស្វាគមន៌យ៉ាងកក់ ក្តៅចំពោះវត្តមានរបស់ក្មួយៗ និងសូមអបអរសាទរចំពោះក្មួយៗ ដែលបានទទួលឱកាសដ៏ថ្លៃថ្លាចូលរួម កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៌ និងជប៉ុនលើកទី៤៥ នាពេលខាងមុខនេះ។

សម្តេចអគ្គមហាពញាចក្រីហេងសំរិនសង្ឃឹមថា ក្មួយៗនឹងបន្តពង្រឹង និងពង្រីកនូវភាព ជោគជ័យឲ្យកាន់តែប្រសើរទៀត ជាពិសេស ការបន្តពង្រឹងនិងពង្រីកចំណង ទំនាក់ទំនង មិត្តភាព និងការ យោគយល់ គ្នាទៅវិញទៅមករវាងយុវជនអាស៊ាន និងជាមួយប្រទេសជប៉ុន។

សម្តេចបានលើកឡើងថាការចូលរួមព្រឹត្តិការណ៍បែបនេះ ជាឱកាសដ៏សំខាន់ និង កម្រ ដែលក្មួយទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងរួមគ្នាលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ។

ក្នុងឨកាសនោះសម្តេច បានផ្តល់នូវដំបូន្មានមួយចំនួនដល់ប្រតិភូសមាគមនាវាយុវជន អាស៊ីអាគ្នេយ៌កម្ពុជាគឺក្មួយៗ ត្រូវធ្វើជាមគ្គុទេសដ៏ល្អម្នាក់ជាអ្នកការទូតម្នាក់ តំណាងឲ្យកម្ពុជា ដោយរក្សាឲ្យបាននូវកិត្តិយស តម្លៃ និងវប្បធម៌របស់ជាតិ ដោយត្រូវព្យាយាម លើកកម្ពស់វប្បធម៌ ទេសចរណ៌ និងអត្តសញ្ញាណជាតិ ព្រមទំាងរក្សានូវទំនាក់ទំនងល្អជាមួយយុវជនបណ្តាប្រទេសដ៏ទៃទៀត ។ត្រូវចេះផ្សព្វផ្សាយ ​ទាក់ទាញ និងកៀងគរអ្នកទេសចរណ៌ និងអ្នកវិនិយោគមកកាន់ប្រទេសយើងឲ្យកាន់តែច្រើនថែមទៀត៕