ក្រសួងសេដ្ឋកិច្ច និងធនាគារអំពាវនាវស្ថាប័នមីក្រូហិរញ្ញវត្ថុ ផ្តល់ឥណទានដល់កសិករ


rice-bank-21-09-16-2-copy

     ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តផ្តល់ និងបង្កើនប្រាក់កំចីដល់ក្រុមហ៊ុន… អ្នកប្រមូលទិញស្រូវ និងជួយពន្យាពេលដល់កសិករក្នុងការសងប្រាក់។ សេចក្តីអំពាវនាវនេះ បានធ្វើឡើងក្រោយប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងយុទ្ធសាស្ត្រដាក់ចេញ ដើម្បីជួយ កសិករពង្រឹងតម្លៃលក់ស្រូវក្រអូប និងការមិនអោយប្រឈមនឹងបញ្ហាបំណុលផងដែរ។

     សេចក្តីថ្លែងការណ៍រួម របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានសរសេរថា ដើម្បីជួយដោះស្រាយបញ្ហាសម្ពាធហិរញ្ញវត្ថុក្នុងវិស័យកសិកម្ម ស្ថាប័នរាជរដ្ឋាភិបាលទាំង២ បានអំពាវនាវ និងលើកទឹកចិត្តចំពោះគ្រឹះស្ថានធនាគារ និងហិញ្ញវត្ថុ សូមបន្តផ្តល់ឥណទាន និងបង្កើនឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនឬពាណិជ្ជករប្រមូលទិញស្រូវ តាមលទ្ធភាពជាក់ស្តែង ដើម្បីបង្កើនលទ្ធភាពក្នុងការប្រមូលទិញស្រូវ កសិផល និងការកែច្នៃកសិផលគ្រប់ប្រភេទ សំដៅរួមចំណែកស្ថិរភាពតម្លៃ… និងការពិនិត្យលទ្ធភាពអនុវត្តគោលនយោបាយទន់ភ្លន់ និងអនុគ្រោះចំពោះកសិករជួបប្រទះបញ្ហាជាក់ស្តែង ដែលមានឥណទានដល់កាលកំណត់សង។

     សេចក្តីថ្លែងការរួមដដែលបន្តថា ការធ្លាក់ភ្លៀងយ៉ាងគំហុកនារយៈពេល ២សប្តាហ៍កន្លងមកនេះ ក៏អាចធ្វើឲ្យប៉ះពាល់ដល់គុណភាពផលិតផល និងការនាំចេញផងដែរ ប្រសិនបើកសិករ និងអាជីវករមិនមានទុនគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់ក្នុងរដូវប្រមូលផលនេះ។ សេចក្តីអំពាវនាវដដែលបានសរសេរថា ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជា សង្ឃឹមជឿជាក់ថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងដៃគូពាក់ព័ន្ធទាំងអស់នឹងចូលរួម សហការ សម្រាលទុក្ខលំបាករបស់ប្រជាកសិករ និងសម្ពាធហិរញ្ញវត្ថុក្នុងវិស័យសកិកម្ម ក្នុងកាលៈទេសៈលំបាកនេះ។