រដ្ឋបាលខេត្តរតនគិរី រៀបចំពិធីផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ


នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីសម្ពោធដាក់ឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៃរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ។

អង្គភាពច្រកចេញចូលតែមួយគឺជាកន្លែងប្រមូលផ្តុំការផ្តល់សេវារដ្ឋបាលនៅកន្លែងតែមួយតាមនីតិវិធីសាមញ្ញ ប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។ គោលបំណងដែលរាជរដ្ឋាភិបាលបង្កើតឲ្យមានអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះ គឺដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវា តាមរយៈការប្រមូលផ្តុំ ការផ្តល់សេវារដ្ឋបាលលើវិស័យនានា នៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះមានអង្គភាពចំនួន ១៤ បានប្រមូលផ្តុំផ្តល់សេវាសរុបចំនួន ២៦៩ នៅអង្គភាពច្រកចេញចូលតែមួយ រួមមាន៖ការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យកសិកម្ម វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថាតាមរយៈការប្រមូលផ្តុំសេវាពីគ្រប់អង្គភាព មកដំណើរការក្នុងអង្គភាពតែមួយ គឺជាយន្តការនៃការកាត់បន្ថយភាពសាំញាំនៃការផ្តល់ និងទទួលសេវាជូនប្រជាពលរដ្ឋ ឲ្យមានភាពសាមញ្ញ ប្រមូលផ្តុំនៅកន្លែងតែមួយ ហើយវាជាការកាត់បន្ថយនូវពេលវេលានៃអ្នកទទួលសេវា ។ ទន្ទឹមនឹងនោះឯកឧត្តមអភិបាលខេត្តជំរុញឲ្យមន្ត្រីអ្នកផ្តល់សេវាជូនប្រជាពលរដ្ឋត្រូវតែមានសីលធម៌ សុជីវធម៌ រួសរាយ រាក់ទាក់ផ្តល់ស្នាមញញឹមជូនប្រជាពលរដ្ឋ និងបំពេញការងារផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ឆាប់រហ័សតាមនីតិវិធី ។