រដ្ឋមន្ត្រីពាណិជ្ជកម្ម នាំយករង្វាន់ទោចក្រយានយន្ត, ថវិកា និងអាហារូបករណ៍សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សស្រុកព្រៃឈរ


(ព្រៃឈរ, ខេត្តកំពង់ចាម)៖ ដើម្បីលើកទឹកចិត្តដល់សិស្សពូកែ និងសិស្សដែលទើបប្រលងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០១៨នេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកព្រៃឈរ បាននាំយករង្វាន់ទោចក្រយានយន្ត, ថវិកា, និងអាហារូបករណ៍សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនសិស្សានុសិស្សចំនួន ៥៦៨នាក់ និងសាស្ត្រាចារ្យមកពីវិទ្យាល័យនានា ក្នុងស្រុកព្រៃឈរចំនួន ៤៤នាក់។

ពិធីប្រគល់រង្វាន់ និងថវិកា ត្រូវបានរៀបចំឡើងនៅទីស្នាក់ការគណបក្សស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ក្រោមការចូលរួមជាសាក្សីពីអាជ្ញាធរមូលដ្ឋាន សមាជិក-សមាជិកានៃក្រុមការងារថ្នាក់ជាតិ មន្ត្រីរាជការ សាស្ត្រាចារ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៨០០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានរំលឹកអំពីសាវតានៃការកសាងឡើងវិញនូវវិស័យអប់រំជាតិ តាមរយៈការអនុវត្តគោលការណ៍ «អ្នកចេះ បង្រៀនអ្នកមិនចេះ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច» និងការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការផ្សាភ្ជាប់ទំនាក់ទំនងរវាងយុវជន ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីប្រែក្លាយកម្ពុជា ពីប្រទេសដែលប្រើកម្លាំងពលកម្ម ទៅជាប្រទេសដែលប្រើប្រាស់ជំនាញ (ផ្នែកទន់) នៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការអបអរសាទរចំពោះសិស្សានុសិស្សទាំងអស់ ដែលទទួលបានជោគជ័យពីការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ និងបានលើកទឹកចិត្តពួកគេឱ្យបន្តប្រឹងប្រែងសិក្សានៅថ្នាក់មហាវិទ្យាល័យថែមទៀត ដើម្បីក្លាយខ្លួនជាសសរទ្រូងរបស់ប្រទេសជាតិ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកគ្រូ-អ្នកគ្រូ មកពីវិទ្យាល័យនានាក្នុងស្រុកព្រៃឈរ ដែលកន្លងមកបានប្រឹងប្រែងយកចិត្តទុកដាក់បណ្តុះបណ្តាលសិស្សានុសិស្ស រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ។

សូមបញ្ជាក់ថា រង្វាន់ទោចក្រយានយន្ត និងថវិកា ព្រមទាំងអាហារូបករណ៍ ដែលឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាននាំយកមកប្រគល់ជូនសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ នៅវេលាព្រឹកនេះ រួមមាន៖

១. រង្វាន់ទោចក្រយានយន្តម៉ាកហុងដា Wave ស៊េរីឆ្នាំ២០១៨ ចំនួន ៤គ្រឿង និងថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់សិស្សដែលទទួលបាននិទ្ទេស A ចំនួន៤នាក់។
២. ឧបត្ថម្ភថវិកាម្នាក់ ៥ម៉ឺនរៀល សម្រាប់សិស្សចំនួន ៥៦៤នាក់ ដែលទទួលបាននិរទ្ទេស B ដល់ D។
៣. ឧបត្ថម្ភថវិកាម្នាក់ ៦០ម៉ឺនរៀល ដល់លោកគ្រូ អ្នកគ្រូ ចំនួន២២នាក់។
៤. ឧបត្ថម្ភថវិកាម្នាក់ ៥ម៉ឺនរៀល ជូនលោកនាយក និងនាយករងវិទ្យាល័យ ចំនួន២២នាក់។
៥. ឧបត្ថម្ភថវិកាម្នាក់ ៥ម៉ឺនរៀល ជូនអាណាព្យាបាលសិស្សដែលបាននិទ្ទេស A ទាំង ៤នាក់។
៦. ផ្តល់ជូនអាហារូបករណ៍ពេញថ្លៃរយៈពេល ៤ឆ្នាំ ចំនួន ១៥ កន្លែង របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់សិស្សក្រីក្រមកពីឃុំទាំង ១៥ នៃស្រុកព្រៃឈរ។
៧. ឧបត្ថម្ភថវិកា ២ម៉ឺនរៀល ជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំនួន ៧៧នាក់៕