ការខកខានមិនបានទទួលរបាយទឹកភ្លៀងជាច្រើនថ្ងៃ បានធ្វើឲ្យដំណាំស្រូវវស្សារបស់កសិករជួបបញ្ហាខ្វះខាតទឹក


ការខកខានមិនបានទទួលរបាយទឹកភ្លៀងជាច្រើនថ្ងៃ បានធ្វើឲ្យដំណាំស្រូវវស្សារបស់កសិករសរុបប្រមាណ ១.៥០០ ហិកតា នៅក្នុងឃុំកំពង់ចក ឃុំសង្កែ ស្រុករំដួល និងឃុំស្វាយរំពារ ស្រុកស្វាយទាប ជួបបញ្ហាខ្វះខាតទឹក ។ ដោយពិនិត្យឃើញថា តំបន់នោះ ពុំមានប្រភពទឹកសម្រាប់អន្តរាគមន៍ និងជៀសវាងការខូចខាតដំណាំស្រូវរបស់កសិករ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ធ្វើការជួសជុលទំនប់កំពង់ថ្នាឡើងវិញជាបណ្តោះអាសន្ន ប្រវែង ៣៥០ ម សម្រាប់ស្តុកទឹកទុក និងស្តារប្រឡាយ ០១ ខ្សែទៀត ប្រវែង ២.៨០០ ម៉ែត្រ ដើម្បីទាញទឹកដែលស្តុកទុកនោះ ទៅស្រោចស្រពដំណាំស្រូវកំពុងមានតម្រូវការទឹកនៅតំបន់ខាងលើ ។